ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថានភាពផ្លូវ និងស្ពាននៅខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារ នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថានភាពផ្លូវ ៩ទីតាំង និងចុះពិនិត្យស្ថានភាពស្ពានទ្រុឌទ្រោម ២កន្លែងទៀតនៅខេត្តកំពង់ធំ ដែលរួមមានទីតាំងទី១៖ ការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,១០គីឡូម៉ែត្រ ទទឹង ០៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១,៥០ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ទៅកាន់ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅលើខ្សែផ្លូវនេះ មានការស្ថាបនាផ្លូវស្ពានបេតុងចំនួន២ ដែលទី១ មានប្រវែង ៦០ម៉ែត្រ ទទឹង ០៨ម៉ែត្រ និងទី២ មានប្រវែង ៣០ម៉ែត្រ ទទឹង ០៨ម៉ែត្រ។ ខ្សែផ្លូវ និងស្ពាននេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយត្រូវបានអនុវត្តការងារសាងសង់ដោយកងវិស្វកម្ម នៃក្រសួងការពារជាតិ។

ទីតាំងទី២៖ អញ្ជើញពិនិត្យស្ថានភាពស្ពានយោលខ្សែកាបដែក ដែលមានសភាពចាស់ទ្រុឌទ្រោម និងតូចចង្អៀត ដែលមានប្រវែង ៦០ម៉ែត្រ ទទឹង ១,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិព្រុំស្រី ឃុំរុងរឿង ទៅកាន់ចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង។
ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ថានភាពស្ពានឈើចាស់ទ្រុឌទ្រោមមានប្រវែង ៩៣ម៉ែត្រ ទទឹង ១,២០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង តភ្ជាប់ពីភូមិត្រពាំងព្រីង ទៅកាន់ភូមិអូរអង្គរ ឃុំបន្ទាយស្ទោង ស្រុកស្ទោង។
ទីតាំងទី៤៖ អញ្ជើញពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៧១គីឡូម៉ែត្រ ទទឹង ០៨ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង។ ផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។
ទីតាំងទី៥៖ អញ្ជើញពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៨,៩០គីឡូម៉ែត្រ ទទឹង ០៧ម៉ែត្រ តភ្ជាប់ពីភូមិនិម្មិត ទៅដល់ភូមិឈូករំដួល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤៤,៥០% គ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២៦។

ទីតាំងទី៦៖ អញ្ជើញពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែង ៤,៤៥គ.ម ទទឹង ០៨ម៉ែត្រ តភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្លូវនេះត្រូវបានបញ្ចប់ការងារសាងសង់ ១០០% នៅក្នុងខែឧសភា ឆ្នាំ២០២៥។ ខ្សែផ្លូវចំនួន ៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។
ទីតាំងទី៧៖ អញ្ជើញពិនិត្យការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៩,៥០គីឡូម៉ែត្រ ទទឹង ០៥ម៉ែត្រ តភ្ជាប់ពីភូមិឥន្ទកុមារ ទៅកាន់ភូមិតាប៉ោង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ។ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨០%។
ទីតាំងទី៨៖ អញ្ជើញពិនិត្យការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១៤,៦០គីឡូម៉ែត្រ ទទឹង ០៥ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិប្រឡាយ ឃុំសំបូរណ៍ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៣%។
ទីតាំងទី៩៖ អញ្ជើញពិនិត្យការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៦,៨០គីឡូម៉ែត្រ ទទឹង ០៥ម៉ែត្រ តភ្ជាប់ពីភូមិកំពង់ឈើទាល ទៅកាន់ភូមិគោកស្រុក ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៧៦%។

ទីតាំងទី១០៖ អញ្ជើញពិនិត្យការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៥,៣០គីឡូម៉ែត្រ ទទឹង ០៥ម៉ែត្រ តភ្ជាប់ពីភូមិតាំងក្រសៅ ទៅកាន់ភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកប្រសាទសំបូរ។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៤៦%។ ខ្សែផ្លូវចំនួន ៤ខ្សែខាងលើនេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។
ទីតាំងទី១១៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវមានប្រវែង ៣២គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៩ភូមិ ក្នុងឃុំចំនួន ៣ឃុំ ក្នុងស្រុកសន្ទុក និងស្រុកប្រាសាទសំបូរ។ ផ្លូវ ១ខ្សែនេះ ជាផ្លូវដែលមានសក្ដានុពលយ៉ាងខ្លាំងក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដោយតភ្ជាប់ពីស្រុកមួយទៅកាន់ស្រុកមួយទៀត តាមរយៈវិស័យទេសចរណ៍ កសិកម្ម និងឧស្សាហកម្មដំណាំកៅស៊ូជាដើម ប៉ុន្ដែបច្ចុប្បន្ន ផ្លូវនេះសភាពខូចខាតយ៉ាងខ្លាំង។ បន្ទាប់ពីបានពិនិត្យស្ថានភាពជាក់ស្ដែង
ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីដាក់បញ្ចូលខ្សែផ្លូវនេះទៅក្នុងគម្រោងដៃគូអភិវឌ្ឍន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ការអញ្ជើញចុះពិនិត្យនាពេលនេះ គឺក្នុងគោលបំណងត្រួតពិនិត្យបច្ចេកទេសក្នុងការស្ថាបនា ដែលអាចធានាបាននូវគុណភាពនៃការសាងសង់ ដោយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអ្នកទទួលការ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស។ មួយវិញទៀត ស្របតាមសំណូមពររបស់អាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ដែលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ដោយសារស្ពានមានសភាពចាស់ទ្រុតទ្រោម និងតូចចង្អៀត ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនោះ ឯកឧត្តមក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសិក្សាលទ្ធភាពធ្វើការសាងសង់ជាប្រភេទស្ពានដែកបេឡេតិ៍ដើម្បីជួយសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





