ប្រធានក្រុមប្រឹក្សាស្រុកស្ទោង៖ ភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ សំណូមពរឬបង្ហាញពីទុក្ខកង្វល់របស់ពលរដ្ឋក្នុងវេទិកាគឺជាការចូលរួមអភិវឌ្ឍមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦--លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានមានប្រសាសន៍លើកឡើងថា ភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ សំណូមពរ ឬបង្ហាញពីទុក្ខកង្វល់របស់ពលរដ្ឋក្នុងវេទិកា គឺជាការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន។ លោកប្រធានក្រុមប្រឹក្សាបានលើកឡើងដូចនេះនៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទោងអាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៦។

លោក ឡាយ ស៊ីលី បានសង្កត់ធ្ងន់ថា អង្គវេទិកានេះ ក្រៅពីបានបង្ហាញនូវសកម្មភាពរបស់រដ្ឋបាលស្រុកស្ទោង ទាំងការផ្ដល់សេវា ការអភិវឌ្ឍសំណង់ហេដ្ឋារចនាសម្ព័ន្ធសកម្មភាពជាអាទិភាពមួយចំនួនកន្លងមកហើយ ក៏ចាំទទួលនូវការរិះគន់បែបស្ថាបនា និងទទួលរាល់មតិយោបល់ក្នុងការចូលរួម ដែលជាចំណែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ ជាពិសេសស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថែមទៀតផង។

លោកប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា ការរក្សាសន្តិសុខសណ្ដាប់សាធារណៈ បរិស្ថាន ក្មេងទំនើង គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍។ល។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់រូបត្រូវចូលរួមឱ្យបានសកម្មផុលផុសបំផុតដើម្បីធានាបាននូវសង្គមមួយប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាព ពលរដ្ឋមានគុណធម៌ យុវជនមានវិន័យចំណេះដឹង និងមានការអភិវឌ្ឍបានឆាប់រហ័ស។

លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោងបានលើកឡើងថា ដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍបានលឿន ប្រជាពលរដ្ឋជាចំណែកមួយធំបំផុត និងចូលរួមវិភាគទានសព្វបែបយ៉ាង ជាពិសេសថែរក្សាការពារសមិទ្ធផលដែលអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋានបានកសាងជូន ហើយមិនត្រូវរំលោភបំពានចំណីផ្លូវដែលជាហេតុនាំឱ្យផ្លូវមានសភាពតូចចង្អៀត ឆាប់ខូចខាតមុនអាយុកាល ការកកស្ទះលូឈានទៅដល់មានជំនន់ទឹកភ្លៀងពិបាកក្នុងការធ្វើចរាចរណ៍ និងបង្កគ្រោះថ្នាក់ថែមទៀត។ លើសពីនេះ បញ្ហាប្រឈមនានាមួយចំនួនដែលពុំទាន់បានដោះស្រាយ និងផ្ដល់ជូន គឺវាហួសពីលទ្ធភាពផ្ទាល់របស់អាជ្ញាធរឃុំ ឬអាជ្ញាធរស្រុកដែលទាមទារនូវពេលវេលា និងការផ្ដល់ជូនតាមស្ថានភាពជាក់ស្តែង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងរាជរដ្ឋាភិបាលផ្ទាល់៕
ដោយ៖ ស៊ុម វណ្ណា





