ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ និងជាប្រធានក្រុមកាងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្រ្តីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តម សុខ សង្វារ រដ្ឋលេ ខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះជំរឿនក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ។


បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី និងបទបង្ហាញអំពីផែនការចុះធ្វើជំរឿននៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ អង្គប្រជុំបានពិភាក្សាអំពីបញ្ហាប្រឈមក្នុងការធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធនិងមន្រ្តី ដែលក្រុម ការងារនៃក្រសួងទាំងពីរនឹងបន្តខិតខំដោះស្រាយបញ្ចប់ឱ្យបានឆាប់ដើម្បីឈានទៅកំណត់ពេលវេលា និងទីតាំងនៃការធ្វើបច្ចុប្បន្នរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា នៅក្នុងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមអង្គភាព គឺជាកិច្ចការអាទិភាពមួយដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវចូលរួមអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងចូលរួមលើកកម្ពស់សមត្ថភាព ប្រសិ ទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





