លោកជំទាវ លីម មុយឡេង ចូលរួមកិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល
AKP កណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦–មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦” ក្រោមអធិបតីភាព លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ដើម្បីជំរុញចក្ខុវិស័យ“កសាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងរយៈពេល ១ឆមាស ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កណ្តាល បានយកចិត្តទុកដាក់ និងខិតខំអនុវត្តនូវរាល់សកម្មភាពការងារបានយ៉ាងល្អប្រសើរ សំដៅធានាបាននូវប្រាក់ចំណូលគ្រួសារប្រកបដោយចីរភាព និងសុខុមាលភាពកាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ទៅលើ៖ ការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ការបង្កើនសុខុមាលភាពគ្រួសារនៅជនបទ និងការអប់រំសីលធម៌សង្គម ដើម្បីឱ្យមានគុណធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាការរួមចំណែកដ៏សំខាន់ ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ពិតជាបានអនុវត្តបានយ៉ាងល្អនូវចក្ខុវិស័យរបស់ក្រសួង ដែលមានកម្មវិធីអាទិភាពគន្លឹះចំនួន ៥គឺ ទី១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់ ទី២៖ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ ទី៣ ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ទី៤ ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ទី៥ ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។


ដើម្បីភាពរីកចម្រើនរបស់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យកាន់តែប្រសើរ សម្រាប់ឆមាសបន្តក្នុងឆ្នាំ២០២៦ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល រក្សាបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំអភិវឌ្ឍន៍សមត្ថភាពឌីជីថល ខិតខំជំរុញការអនុវត្តសកម្មភាពតាមកម្មវិធីអាទិភាពគន្លឹះទាំង៥ ខាងលើ និងផែនការសកម្មភាពរបស់ខ្លួនឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរថែមទៀត និងបន្តរក្សាសាមគ្គីភាពជាធ្លុងមួយប្រកបដោយទំនុកចិត្តខ្ពស់ និងភាពរឹងមាំបំផុត ដើម្បីចូលរួមការការពារអធិបតេយ្យភាពជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ និងសម្តេចធិបតី ព្រមទាំងឥស្សរជនរបស់រាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមលើកឡើងក្នុងកិច្ចប្រជុំនេះដែរថា ការងារអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្តកណ្តាលមានការរីកចម្រើនគួរជាទីមោទនៈ ពិសេសការងារថែទាំ ជួសជុលផ្លូវ និងការងារលើកកម្រិតគុណភាពផ្លូវតាមរយៈការប្តូរកម្រាលផ្លូវដីស និងក្រួសក្រហម ទៅជាកម្រាលបេតុង និងផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ហើយឆ្នាំ២០២៦នេះ ក៏ជាឆ្នាំប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំឱ្យមានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥ -២០៣៥ និងបានរៀបចំសិក្ខាសលា“ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥” ជូនដល់តួអង្គពាក់ព័ន្ធបានយល់ដឹង និងចាប់ផ្តើមចូលរួមអនុវត្តគោលនយោបាយនេះឱ្យទទួលបានលទ្ធផលជាវិជ្ជាមាន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិទាំងមូល ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





