ក្រសួងបរិស្ថានប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ ហើយក៏ដូចជាគោលការណែនាំនានា គឺជាតម្រូវការចាំបាច់ក្នុងការរួមចំណែកអនុវត្តគម្រោងទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្នុងពិធីផ្សព្វផ្សាយប្រកាស ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ធម្មជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៣ លើផ្ទៃដីសរុបប្រមាណជា ៧លានហិកតា ដែលវិសាលភាពនេះមានសក្តានុពល និងវិសាលភាពធម្មជាតិ និងវប្បធម៌ដ៏ធំធេង មានជាអាទិ៍ តំបន់ទេសភាពព្រៃឈើ វាលស្មៅ សត្វព្រៃ ជីវៈចម្រុះ ទឹកធ្លាក់ តំបន់ឆ្នេរ ខ្ពង់រាប បេតិភណ្ឌ ជាច្រើនកន្លែង ដែលអាចរៀបចំអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។

ឯកឧត្តម កែន សេរីរដ្ឋា បានបញ្ជាក់បន្ថែមថា ដើម្បីលើកទឹកចិត្ត និងសិទ្ធិចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រង និងការពារធនធានធម្មជាតិ ក្រសួងបរិស្ថានបានបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន១៩៣ ដែលមានសមាជិកសរុបចំនួន ៧៣.២៣៧គ្រួសារ ចូលរួមគ្រប់គ្រងព្រៃឈើសរុបទំហំ ៣៣២.១៧៤ហិកតា ហើយក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួន ១៣.៩៧១គ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់នៅក្នុងភូមិចំនួន៧៧ ឃុំ៥៣ ស្រុក៣២ ខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។

ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងដោយបញ្ជាក់ថា បច្ចុប្បន្នមានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលបានទាក់ទាញទេសចរណ៍ជាតិប្រមាណ ៩០០.០០០នាក់ ទៅ ១.០០០.០០០នាក់ក្នុងមួយឆ្នាំ និងមានការកើនឡើងប្រមាណ ១៥% ប្រចាំឆ្នាំ ដោយបានផ្តល់ចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាប្រមាណពី ៨០០.០០០ដុល្លារអាម៉េរិក ទៅ ១.០០០.០០០ដុល្លារអាម៉េរិកជាប្រចាំឆ្នាំក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤.៤០០នាក់។

លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់ និងមិនអាចខ្វះបានក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន។ យ៉ាងណាម៉ិញ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺចាំបាច់ និងតម្រូវឱ្យមានការចូលរួមពីសំណាក់សហគមន៍មូលដ្ឋានផងដែរ ពីព្រោះថា ពួកគាត់បានរស់នៅក្បែរ និងក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងបាននិងកំពុងប្រើប្រាស់ធនធានធម្មជាតិសម្រាប់បំពេញតម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។


លោកជំទាវបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានកំណត់យុទ្ធសាស្រ្តដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាសហគមន៍ ដោយ កែប្រែរបៀបរបបរស់នៅរបស់ពួកគាត់ ការបង្កើនសមត្ថភាពលើការអនុវត្តពិពិធកម្មកសិកម្ម និងបច្ចេកទេសកសិកម្មដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ថាមពលស្អាតក្នុងសហគមន៍ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័យផ្ទះកញ្ចក់ទៅក្នុងបរិយាកាស និងកាត់បន្ថយការទាញយកធនធានពីធម្មជាតិ។ល។ លើសពីនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានកំណត់គោលដៅយុទ្ធសាស្រ្តអាទិភាពក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ដោយផ្តោតលើការបង្កើត និងបង្កើនពិពិធកម្មមុខរបរ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងដើម្បីបង្កើនចំណូលពីរបរកសិកម្មការរៀបចំសេវាកម្មទេសចរណ៍ធម្មជាតិ និងមុខរបរដទៃទៀត ដែលមិនប៉ះពាល់ទៅដល់ធនធានធម្មជាតិនៅក្នុងតំបន់៕
ដោយ៖ មករា





