ឯកឧត្តម អ៊ុន ចាន់ដា៖ មានជំនាញការងារ គឺមានប្រាក់ចំណូល
AKP កំពង់ចាម ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត ការមានជំនាញច្បាស់លាស់លើការងារណាមួយគឺយើងទទួលបានមកវិញនូវចំណូលបានពីកាងារហើយ។ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដោយជួយផ្ដល់ឱ្យអ្នកសិក្សានូវចំណេះដឹង ជំនាញបច្ចេកទេស សមត្ថភាព និងឥរិយាបទការងារ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងចូលរួមកាត់បន្ថយគម្លាតជំនាញ នៅក្នុងទីផ្សារការងារ ពិសេសយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។

ឯកឧត្តមថ្លែងបែបក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

ឯកឧត្តមបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាកម្មវិធីគន្លឹះដ៏សំខាន់ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល។ តាមរយៈគោលនយោបាយបណ្តុះបណ្តាលយុវជនចំនួន ១,៥ លាននាក់ គឺជាការគិតគូរយ៉ាងល្អិតល្អន់ និងវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការបំប្លែងកម្លាំងពលកម្មកម្ពុជា ឱ្យទៅជាកម្លាំងពលកម្មជំនាញដែលមានតម្លៃខ្ពស់ ដើម្បីទាក់ទាញការវិនិយោគបន្ថែម។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» គឺជាការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោយពីបញ្ចប់ការសិក្សា យុវជននឹងទទួលបានចំណេះដឹង និងជំនាញមួយពិតប្រាកដ ដើម្បីយកទៅប្រកបរបបចិញ្ចឹមជីវិត បង្កើនប្រាក់ចំណូលក្នុងគ្រួសារ បញ្ចៀសបានការធ្វើចំណាកស្រុកខុសច្បាប់ដោយប្រថុយប្រថាន ព្រមទាំងជំរុញបានការអភិវឌ្ឍកម្លាំងពលកម្មជំនាញមានវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស បង្កើតបានធនធានមនុស្សមានកម្លាំងពលកម្មជំនាញ និងភាពប្រកួតប្រជែងខ្ពស់អាចធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»៕

ដោយ ឆាយ ម៉ុត





