ទីតាំងឃ្លាំងតូចធំ១២កន្លែងដែលសង្ស័យនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលប្រភពពីថៃរកឃើញ១៧មុខនាំពីថៃ សម្រេចបិទឃ្លាំងបណ្ដោះអាសន្ន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ក្រោមបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចុះត្រួត ពិនិត្យទីតាំងឃ្លាំងតូចធំ សង្ស័យ ក្នុងមូលដ្ឋានសរុបចំនួន១២កន្លែង ដែលសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីប្រទេសថៃ និងមាន១៧មុខបាននាំចូលមកពីប្រទេសថៃ បច្ចុប្បន្នកំពុងកសាងឯកសារបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធីផ្លូវច្បាប់។

នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា៖ តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានរកឃើញទីតាំងចំនួន១ ស្ថិតនៅផ្ទះលេខ៣៥២ ផ្លូវ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ សរុបចំនួន១.៦៤៧ កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះ ការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន២មុខ គឺទឹកតែអូអ៊ិឈិ ចំនួន៣៤កេស និងទឹកវីតាមីន Blue ចំនួន៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។ ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។

នៅថ្ងៃដដែលនោះ រដ្ឋបាលខណ្ឌទាំង១៤ក៏បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណា ក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន៨៨ទីតាំង ដោយមិនមានរកឃើញបទល្មើសអ្វីនោះទេ។

លោកស្រីអ្នកនាំពាក្យក៏បានបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុក ទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូនដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃឱ្យបានម៉ត់ចត់ ក្នុងករណីរកឃើញត្រូវសួរនាំឱ្យបានលម្អិតថាអ្នកណាជាអ្នកនាំចូល? ចូលតាមច្រកណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូលឬទេ? ហើយ អ្នកណាជាអ្នកដឹកជញ្ជូន?។

ឯកឧត្ដមអភិបាលបានសង្កត់ធ្ងន់ថា កិច្ចការទាំងអស់នេះ រដ្ឋបាលខណ្ឌទាំង១៤ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនឹងការងារចុះប្រតិបត្តិការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយមិនត្រូវរាថយដាច់ខាត៕
ដោយ សួស សំរិត





