វគ្គបណ្តុះបណ្តាលស្តីពីគណនេយ្យសាធារណៈជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរងនៃរដ្ឋបាលក្រុង ស្រុក មកពីបណ្តាខេត្តចំនួន៦
AKP កែប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ដើម្បីរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈនៅថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក» នៅសាលប្រជុំសណ្ឋាគារសង្គហមិត្ត ខេត្តកែប នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក មកពីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើនចំណេះដឹងជូនដល់មន្ត្រីជំនាញដែលទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈនៅថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងស្របតាមច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីជាធរមានរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ។ លោកបានបញ្ជាក់ថា មន្ត្រីដែលទទួលបន្ទុកការងារហិរញ្ញវត្ថុ និងគណនេយ្យសាធារណៈ គឺជាកម្លាំងស្នូលក្នុងការធានាឱ្យការគ្រប់គ្រងថវិកា និងការប្រើប្រាស់ធនធានសាធារណៈប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

លោកអភិបាលរងខេត្តក៏បានសម្តែងការកោតសរសើរចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជ្រើសរើសខេត្តកែបជាទីតាំងរៀបចំវគ្គបណ្តុះបណ្តាលនេះ និងបានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់សិក្សា សួរសំណួរ និងផ្លាស់ប្តូរបទពិសោធន៍ឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងដំណោះស្រាយជាក់ស្តែងសម្រាប់ការងាររបស់ខ្លួន។
មានប្រសាសន៍ក្នុងពិធីបើក ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាកត្តាសំខាន់ក្នុងការជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យទទួលបានជោគជ័យ។ ក្នុងនោះ មន្ត្រីដែលបំពេញភារកិច្ចជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង ការចំណាយ និងការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុរបស់រដ្ឋនៅថ្នាក់មូលដ្ឋាន។ ការយល់ដឹងឱ្យបានច្បាស់លាស់អំពីគោលការណ៍គណនេយ្យសាធារណៈ ការគ្រប់គ្រងបុរេប្រទាន និងបុរេប្រទានរង ក៏ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានត្រឹមត្រូវ គឺជាមូលដ្ឋានសម្រាប់ធានាបាននូវប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ថវិការដ្ឋ។

បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ខិតខំសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកចំណេះដឹងជាមួយគ្នា ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ និងអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ AKP





