អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល”
AKP កែប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល” បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តកែប ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយដល់សិស្សនិស្សិតយុវជន មាតាបិតា អាណាព្យាបាល និងវិស័យឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលហៅកាត់ថា “TVET” ដែលជាថ្នាលបណ្តុះបណ្តាលកសាងធានធនមនុស្សស្របតាមតម្រូវការទីផ្សារការងារធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរ។

ពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល” នាពេលនេះប្រព្រឹត្តទៅដោយមានការចូលរួមពីលោក សុខ រស់ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាព តំណាងធនាគារ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន ម្ចាសសហគ្រាស ដៃគូសហការជាមួយមជ្ឈមណ្ឌល សរុប៨១០រូប។

លោក សុខ រស់ អភិបាលរងខេត្ត មានប្រសាសន៍លើកឡើងថា ទិវាថ្ងៃនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ និងគំនិតច្នៃប្រឌិត។ ជាមួយនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពគន្លឹះទី១លើមនុស្ស ហើយនិងការបណ្តុះបណ្តាលបច្ចេកទេស គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ ដើម្បីអភិវឌ្ឍមូលធនមនុស្ស រួមទាំងគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក៏ជាផ្នែកមួយដ៏ធំក្នុងការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មានប្រមាណ១.៥លាននាក់ដោយមិនគឹតថ្លៃ ថែមទាំងទទួលបានប្រាក់ឧត្ថម្ភផងដែរ។

លោកអភិបាលរងបន្តថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ ដែលធ្វើឡើងនាពេលនេះ ជាស្មារតីជំរុញ និងលើកទឹកចិត្តដល់សិស្សានិសិស្ស និស្សិត យុវជន អាណាព្យាបាល កម្មករនិយោជិត និយោជក បានយល់ដឹងកាន់តែច្បាស់និងទូលំទូលាយអំពីសារសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញក្របដោយគុណភាព សំដៅសម្រេចឱ្យបាននៅគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន៕

ដោយ AKP





