កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែដំណើរការទៅមុខ បើទោះបីជាភាពតានតឹងមានការកើនឡើងភ្លាមៗក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- កិច្ចពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងដំណើរការទៅមុខ បើទោះបីជាមានការផ្លាស់ប្តូរការវាយប្រហារកាលពីពេលថ្មីៗនេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់ប្រភពការទូតមួយ។
ការផ្លាស់ប្តូរការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងបើកការវាយប្រហារបន្ថែមទៀត លុះត្រាតែទីក្រុងតេអេរ៉ង់ទទួលយកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា កងកម្លាំងអាម៉េរិកបានវាយប្រហារគោលដៅយោធាជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ចាប់ពីល្ងាចថ្ងៃពុធដល់ព្រឹកថ្ងៃព្រហស្បតិ៍ដោយបានពណ៌នាអំពីការវាយប្រហារទាំងនោះថា ជាសកម្មភាពនៃការការពារខ្លួន បន្ទាប់ពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាម៉េរិកមួយគ្រឿងនៅក្នុងច្រកសមុទ្រហ័រមុស។
លោក ត្រាំ បាននិយាយនៅពេលមុននេះថា អ៊ីរ៉ង់បានចំណាយពេលយូរពេកនៅក្នុងកិច្ចចរចាកិច្ចព្រមព្រៀង។
កិច្ចពិភាក្សាចាប់តាំងពីបទឈប់បាញ់ខែមេសា ដែលត្រូវបានសម្របសម្រួលដោយប៉ាគីស្ថាន បានផ្តោតទៅលើការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ការបើកច្រកសមុទ្រហ័រមុស និងការឈានដល់ការឯកភាពគ្នាលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ដោយឡែកពីគ្នាមួយ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់សារព័ត៌មានCNN ថា សង្គ្រាមនឹងបន្ត លុះត្រាតែសហរដ្ឋអាមេរិកគោរពផលប្រយោជន៍របស់អ៊ីរ៉ង់ ដោយបានបន្ថែមថា ទីក្រុងតេអេរ៉ង់នឹងសងសឹកការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកនាពេលអនាគត។
លោក ម៉ូហាំម៉ាដ ម៉ូកបឺរ បាននិយាយថា «នៅពេលណាដែលពួកគេ(សហរដ្ឋអាមេរិក) វាយប្រហារ យើងឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងខ្លាំងក្លាជាងមុន» ដោយលោកបានបន្ថែមថា «(លោក ត្រាំ) ត្រូវតែយល់ថាសាធារណរដ្ឋអ៊ីស្លាមនឹងមិនដកថយ ឬដកថយពីឯករាជ្យភាព និងផលប្រយោជន៍ជាតិទាំងស្រុងរបស់ខ្លួនឡើយ។ ហើយយើងនឹងធ្វើឱ្យពួកឈ្លានពានសោកស្តាយចំពោះរឿងនេះ។ ប្រសិនបើពួកគេគោរពផលប្រយោជន៍របស់អ៊ីរ៉ង់ ហើយធ្វើសកម្មភាពស្របតាមនោះសង្គ្រាមនឹងបញ្ចប់។ បើមិនដូច្នោះទេ សង្គ្រាមនឹងបន្ត»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





