ហ្ស៊កដានីនិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួន ២០គ្រាប់ដែលបាញ់
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- កងទ័ពហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសហ្ស៊កដានី និងយន្តហោះរបស់កងទ័ពអាកាសរាជវង្សហ្ស៊កដានី បានស្ទាក់ចាប់ និងបាញ់ទម្លាក់មីស៊ីលចំនួន ២០គ្រាប់ ដែលបាញ់ចេញពីអ៊ីរ៉ង់ឆ្ពោះទៅកាន់តំបន់អាហ្សរ៉ាក ក្នុងខេត្តហ្សារកា កាលពីព្រឹកថ្ងៃព្រហស្បតិ៍។
ប្រភពយោធាដែលមានទំនួលខុសត្រូវនៅបញ្ជាការទូទៅនៃកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី-កងទ័ពអារ៉ាប់ បាននិយាយថា ការស្ទាក់ចាប់បានបណ្តាលឱ្យកម្ទេចកម្ទីធ្លាក់ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតសម្ភារៈណាមួយឡើយ។
ប្រភពដដែលបានបន្ថែមថា ក្រុមវិស្វកម្មបានដោះស្រាយសំណល់មីស៊ីលទាំងនោះ ដើម្បីធានាថា ពួកវាមិនមានគ្រឿងផ្ទុះ។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានមួយដែលផ្ទុកយន្តហោះចម្បាំង F-35, F-15 និង F-16 របស់អាម៉េរិកនៅក្នុងប្រទេសហ្ស៊កដានី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ កងឆ្មាំ IRGC បាននិយាយថាគោលដៅយោធាសំខាន់ៗចំនួន១៨ របស់សហរដ្ឋអាមេរិកត្រូវបានវាយប្រហារនៅមូលដ្ឋានអាលី អាល់ សាឡេម និង អាម៉ាដ អាល់ ចាបឺ ក្នុងប្រទេសគុយវ៉ែត រួមជាមួយនឹងមូលដ្ឋានស្សេក អ៊ីសា ក្នុងប្រទេសបារ៉ែនខណៈដែលសេចក្តីថ្លែងការណ៍យោធាអ៊ីរ៉ង់ក៏បានប្រកាសពីការវាយប្រហារដែលផ្តោតទៅលើប្រព័ន្ធ Patriot កន្លែងទំនាក់ទំនង និងកងនាវាទី៥ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែនផងដែរ។
ការវិវត្តន៍ទាំងនេះកើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើភាគខាងត្បូងអ៊ីរ៉ង់ និងការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់ដែលផ្តោតទៅលើទ្រព្យសម្បត្តិយោធាអាម៉េរិកនៅទូទាំងតំបន់ បើទោះបីជាមានបទឈប់បាញ់ក្នុងសង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈក៏ដោយ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់បានចំណាយពេលយូរពេកក្នុងកិច្ចចរចាកិច្ចព្រមព្រៀង។
កិច្ចចរចាចាប់តាំងពីបទឈប់បាញ់ខែមេសាមក បានផ្តោតទៅលើការបង្កើតក្របខ័ណ្ឌមួយដើម្បីបញ្ចប់សង្គ្រាម ដោះស្រាយបញ្ហាច្រកសមុទ្រហ័រមុស និងធ្វើកិច្ចចរចាបន្ថែមទៀតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





