ឯកឧត្តម គីម រិទ្ធី ជួបពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលគម្រោង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)
AKP ព្រះវិហារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦– ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជួបពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលគម្រោង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលដឹកនាំដោយ លោកស្រី អៀង ច័ន្ទគ្រឹស្នា ប្រធានអង្គភាពសម្របសម្រួលគម្រោង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។


ជំនួបពិភាក្សានេះ លោកស្រី អៀង ច័ន្ទគ្រឹស្នា បានថ្លែងថា ក្រុមការងារសម្របសម្រួលគម្រោង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជួបពិភាក្សាការងារជាមួយឯកឧត្តម ធ្វើឡើងក្នុងគោលបំណងជំរុញការរៀបចំ និងអនុវត្ត «គម្រោងដាំបន្លែក្នុងផ្ទះសំណាញ់ សម្រាប់ជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ» ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងបង្កើតមុខរបរជូនបងប្អូនប្រជាពលរដ្ឋ និងជនភៀសសឹក។


នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងក្រុមការងារធនាគារ ARDB ទាំងអស់ ដែលបានផ្តល់អាទិភាពដល់ខេត្តព្រះវិហារ ក្នុងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន តាមរយៈការអភិវឌ្ឍវិស័យកសិកម្មបែបទំនើបនេះ ៕
ដោយ៖ ទិត ស្រ៊





