ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៥០គ្រួសារ នៅស្រុកចុងកាល់
AKP ព្រះវិហារ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ – ឯកឧត្តម ទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៧៥០គ្រួសារ។


ឯកឧត្តម ទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បាននាំយកអំណោយសង្គ្រោះបន្ទាន់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៧៥០គ្រួសារ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។


ឯកឧត្តម គន់ គីម មានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះមានមុខថ្នាក់ដឹកនាំជានិច្ច ស្មារតីមនុស្សធម៌ដ៏ឧត្តុង្គឧត្តម និងការមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោលក្នុងគ្រាក្រលំបាក ។ ថ្ងៃនេះ ស្បៀងអាហារ និងសម្ភារៈសង្គ្រោះបន្ទាន់ដ៏ថ្លៃថ្លារបស់សម្តេចតេជោប្រមុខរដ្ឋស្តីទី បានចែកជូនទៅដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង៧៥០គ្រួសារ ដោយស្រលាញ់ និងក្តីអាណិតអាសូរជាពន់ពេក ដើម្បីជួយសម្រាលការលំបាកចំពោះមុខ និងដោះស្រាយជីវភាពប្រចាំថ្ងៃបានក្នុងគ្រាអាសន្ន។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីបារម្ភបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេចតែងតែខ្វល់ខ្វាយ គិតគូរ និងតាមដានជាប់ជាប្រចាំអំពីស្ថានភាពការរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន ដោយមិនទុកឱ្យបងប្អូនណាម្នាក់ដាច់បាយស្លាប់ដោយមិនបានដឹងឡើយ ៕
ដោយ៖ ទិត ស្រ៊





