ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំសហការីជួយជួសជុលជម្រកស្នាក់នៅជូនយោធិនរងគ្រោះដោយដោយខ្យល់កន្ត្រាក់នៅស្រុកកំពង់ស្វាយ
AKP កំពង់ធំ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីររសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំសហការីទៅជួយជួសជុលជម្រកស្នាក់នៅជូនយោធិនរងគ្រោះងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យខូចខាតផ្ទះទាំងស្រុងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៦កន្លងទៅនេះគឺលោកពលបាលឯកគង់ សុខុម នាយទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានភារកិច្ចការពារបូរណភាពទឹកដីនៅខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកពលបាលឯក គង់ សុខុម មានម្ដាយដែលមានវ័យចំណាស់ និងភរិយាព្រមទាំងមានកូនតូចៗចំនួនពីរនាក់នៅក្នុងបន្ទុក រស់នៅក្នុងផ្ទះតៀមផ្ទាល់ដី ជញ្ជាំង និងដំបូលប្រក់ស័ង្កសី។ តែជាអកុសល នៅរសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២៦ កន្លងទៅនេះ ជម្រកស្នាក់នៅរបស់គាត់ត្រូវភ្លៀងមួយមេ និងខ្យល់កន្ទ្រាក់បោកបក់បណ្ដាលឱ្យប៉ើងរបើកដំបូលផ្ទះរងការខូចខាតទាំងស្រុង ។ ហើយលោកពលរបាលឯកគង់សុខុម ជាយោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលមានភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ដើម្បីដោះស្រាយនូវការលំបាកនេះ ឧត្តមសេនីយ៍ទោសោមស៊ុន បាននាំយកនូវ ស័ង្កសីចំនួន៦០ សន្លឹក អំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវ ព្រមទាំងស្បៀងអាហារគ្រឿងឧបភោគបរិភោគ គ្រឿងឈេី និងថវិកាមួយចំនួន របស់សប្បុរសជន និងរបស់អង្គភាព យកទៅជួយឧបត្ថម្ភជូនក្រុមគ្រួសារគាត់ ហើយនឹងបានដឹកនាំកងកម្លាំងជួយជួសជុល ជម្រកស្នាក់នៅជូនក្រុមគ្រួសារគាត់បានរួចរាល់ទាំងស្រុងដែលជាការបង្ករនូវភាពកក់ក្តៅជូនដល់គ្រួសារយោធិននៅក្រោមឱវាទក្នុងពេលដែលកំពុងមានភារកិច្ចការពារបូរណភាពទឹកដី ។

ក្រុមគ្រួសារលោកពលបាលឯក គង់ សុខុម បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោសោម ស៊ុន ដែលបានជួយដោះស្រាយការលំបាកនេះជូនដល់ក្រុមគ្រួសារគាត់បានទាន់ពេលវេលា ដែលនេះជាគុណធម៌ដែលមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរលោកមេបញ្ជាការ និងសហការីទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





