នៅតាមបណ្ដាខេត្ដ-រាជធានីអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ៣០ភាគរយ ក្នុងរយ:ពេល៣ថ្ងៃនេះ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦--តាមបណ្ដាខេត្ត និងភ្នំពេញ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ៣០% ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនាព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ។
បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាដោយសារសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបោកបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើ ព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យមានឥទ្ធពលលើតំបន់មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជារយ:ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

តំបន់ដែលទទួលរងពីឥទ្ធពលនេះរួមមាន÷
១-តំបន់វាលទំនាប៖-សីតុណ្ហភាពមធ្យមអប្បបរមា២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នឹងផ្គររន្ទះគ្របដណ្តប់ លើផ្ទៃដី ៣០%។
២-តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។

៣-តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/ក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ សួស សំរិត





