កម្ពុជា កំពុងរៀបចំផែនការនិរន្តភាព និងកសាងការឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦– កម្ពុជា កំពុងរៀបចំផែនការនិរន្តភាព និងកសាងការឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយដែលមានចីរភាព ក្នុងពេលមូលនិធិពីខាងក្រៅត្រូវបានកាត់បន្ថយ។
ក្នុងពេលមូលនិធិពីខាងក្រៅត្រូវបានកាត់បន្ថយ កម្ពុជាកំពុងរៀបចំផែនការនិរន្តភាព និងកសាងការឆ្លើយតបមេរោគអេដស៍ដោយប្រព័ន្ធជាតិមួយដែលមានចីរភាព តាមរយៈការពង្រឹងការផ្តល់ហិរញ្ញវត្ថុក្នុងស្រុក ការឈានឆ្ពោះទៅការធ្វើសមាហរណកម្មពេញលេញទៅក្នុងសេវាថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកល សេវាដែលយកប្រជាជនជាស្នូល និងការចូលរួមរបស់សហគមន៍អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រជាជនប្រឈមមុខខ្ពស់ក្នុងការធ្វើសេចក្តីសម្រេច និងការផ្តល់សេវា។

នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងសន្និសីទសារព័ត៌មានស្តីអំពីជោគជ័យរបស់កម្ពុជា ជាប្រទេសដំបូងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍ នាទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានគូសបញ្ជាក់ថា ការសម្រេចបានរបស់កម្ពុជាទៅលើគោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត គឺមានសារៈសំខាន់ខ្លាំងណាស់ដោយបានធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧តែប៉ុណ្ណោះ នៅទូទាំងពិភពលោកដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ ហើយថាសមិទ្ធផលរបស់កម្ពុជានាពេលនេះ កើតឡើងក្នុងពេលវេលាដ៏សំខាន់មួយសម្រាប់ការឆ្លើយតបមេរោគអេដស៍ជាសកល ខណៈដែលប្រទេសនានាកំពុងត្រៀមរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីមេរោគអេដស៍ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយអ្វីដែលកើតឡើងនៅកម្ពុជាបញ្ជាក់ថាការរីកចម្រើនអាចកើតមានឡើងនៅពេលដែលមានការផ្គួបគ្នារវាងការប្តេជ្ញាចិត្តផ្នែកនយោបាយ ហិរញ្ញប្បទានដ៏មានទំនុកចិត្ត ភាពច្នៃប្រឌិត សេវាមានប្រសិទ្ធភាព និងភាពជាអ្នកដឹកនាំរបស់សហគមន៍។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ថា ទោះបីកម្ពុជាកំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក៏ដោយ ការឆ្លើយតបនឹងមេរោគអេដស៍មិនទាន់បញ្ចប់នៅឡើយទេ ខណៈការឆ្លងថ្មីនៃមេរោគអេដស៍នៅតែបន្តមាន។ តាមការប៉ាន់ប្រមាណមានករណីឆ្លងថ្មីចំនួន៩៥៨ នៅឆ្នាំ២០២៥ ក្នុងនោះ ៨៤% ស្ថិតនៅក្នុងចំណោមក្រុមប្រជាជនប្រឈមមុខខ្ពស់ និងដៃគូរបស់ពួកគេ។ ការលុបបំបាត់ការឆ្លងមេរោគអេដស៍ថ្មីដោយកម្រិតគោលដៅតិចជាង២៥០ករណីក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ គឺជាគោលដៅជាតិចម្បង ប៉ុន្តែដើម្បីសម្រេចបាននូវគោលដៅនេះទាមទារឱ្យមានការខិតខំប្រកបដោយយុទ្ធសាស្ត្រ និងមានចីរភាព។
បើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ការមាក់ងាយ ការរើសអើង និងឧបសគ្គផ្សេងៗ នៅតែជារបាំងរារាំងមនុស្សមួយចំនួនពីការប្រើប្រាស់សេវាដែលពួកគេត្រូវការ។ ការយល់ដឹងទាបអំពីមេរោគអេដស៍ និងវិធីបង្ការការឆ្លងមេរោគអេដស៍បង្កើនភាពងាយរងគ្រោះនឹងការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ ជាពិសេសក្នុងចំណោមយុវវ័យ៕
ដោយ៖ ចាន់ សុភឿន





