សិក្ខាកាមយោធិនចំនួន១០៤នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៨ ឆ្នាំ២០២៦ នៅកងពលតូចដឹកជញ្ជូនលេខ៩០
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៨ ឆ្នាំ២០២៦ នៅកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឱ្យដឹងថា ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន រួមទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ការកសាង ជំរំជម្រក បន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារដឹកជញ្ជូន ការជួសជុលថែទាំបច្ចេកទេសរថយន្ត ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការ បម្រើការពារជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់ និងឆ្លើយតបទាន់ពេលវេលា នូវបទបញ្ជាមេបញ្ជាការកងទ័ពជើងគោកប្រគល់ជូន។

ជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក កែន តារា បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់បានដំណើរការបើកនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ទាមទារឱ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ។

ឧត្តមសេនីយ៍ឯក កែន តារា បានថ្លែងការកោតសរសើរដល់ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ លើការដឹកនាំបញ្ជាការ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការចិញ្ចឹមទ័ព មានសាមគ្គីភាពផ្ទៃក្នុងល្អ និងសហការខ្ពស់ពីបណ្តាជំនាញពាក់ព័ន្ធបានធ្វើឱ្យវគ្គនេះបានដំណើរការតាមការគ្រោងទុក។ ឧត្តមសេនីយ៍ឯក បានសំណូមពរដល់គ្រូយោធាចារ្យ ត្រូវរិៈរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រធ្វើយ៉ាងណាឱ្យសិស្សសិក្សាងាយយល់។ សង្ឃឹមថាពេលបញ្ចប់វគ្គសិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ តាមការរំពឹងទុក និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អ ស័ក្តសមជាកងយោធពលខេមរភូមិន្ទ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន សង្ឃឹមថាពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ។
សូមជម្រាបជូនថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល៩២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានកម្មសិក្សាការីចូលរួមសរុបចំនួន១០៤នាក់ គ្រូយោធាចារ្យចំនួន ១០នាក់។ សិក្សាខ្លឹមសារហ្វឹកហ្វឺនរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោក ដៃចង្កូត ថែទាំបច្ចេកទេស ការងារដឹកជញ្ជូន អប់រំចិត្តសាស្ត្រ និងយោធារួម៕
ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ)





