សាកលវិទ្យាល័យជាតិមានជ័យ បោះជំហានទៅមុខក្នុងការបណ្តុះសហគ្រិនជំនាន់ថ្មីសម្រាប់យុគសម័យឌីជីថល
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--សាកលវិទ្យាល័យជាតិមានជ័យ បានបើកទំព័រថ្មីនៃកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មដ៏ពេញនិយម NMU-UNIPRENEUR រដូវកាលទី៤ ឆ្នាំ២០២៦ ដែលជាវេទិកាដ៏សំខាន់ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសហគ្រិនភាពជូនដល់និស្សិត ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយភាពច្នៃប្រឌិត។

ពិធីបើកកម្មវិធីដ៏មហោឡារិកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដៃគូអភិវឌ្ឍន៍ និងនិស្សិតសរុប ២១៨នាក់ នៅឯសាលប្រជុំសាកលវិទ្យាល័យជាតិមានជ័យនាព្រឹកថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៦នេះ។

ក្នុងរដូវកាលទី៤ នេះ កម្មវិធីទទួលបានការគាំទ្រថវិកាចំនួន ១២.២៩៨ដុល្លារអាមេរិក ពីសហគ្រិនខ្មែរ រួមជាមួយថវិកាបដិភាគពីសាកលវិទ្យាល័យ។ ភាពលេចធ្លោមួយនៃរដូវកាលនេះ គឺការកើនឡើងនៃចំនួននិស្សិតចូលរួមដល់ទៅ ១២០នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីកម្មវិធីនេះចាប់ផ្តើម។

ឯកឧត្តម ជា សឿន សាកលវិទ្យាល័យធិការ សាកលវិទ្យាល័យជាតិមានជ័យ បានលើកឡើងពីអត្ថន័យនៃកម្មវិធីនេះថា «គម្រោង NMU-UNIPRENEUR មិនមែនគ្រាន់តែជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃការបណ្តុះបណ្តាលជំនាញរស់រានដល់និស្សិត។ តាមរយៈកម្មវិធីនេះ និស្សិតរាប់រយនាក់បានរៀនពីការរៀបចំផែនការអាជីវកម្ម ការសិក្សាទីផ្សារ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាជំនាញចាំបាច់ក្នុងសកលលោកបច្ចុប្បន្ន។ សក្ខីភាពនៃជោគជ័យនេះ គឺក្រុមនិស្សិតខ្លះបានក្លាយជាម្ចាស់អាជីវកម្មខ្នាតតូចពិតប្រាកដ ដោយកំពុងលក់ដូរនៅតាមផ្សារនិស្សិតក្នុងសាកលវិទ្យាល័យផ្ទាល់តែម្តង»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហុង គឹមជាង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យាសម្រាប់សហគ្រិនវ័យក្មេងថា ក្នុងសម័យឌីជីថលនេះ យុវជនកម្ពុជាមានឱកាសមាសក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើតដំណោះស្រាយថ្មីៗសម្រាប់បម្រើសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម បានបន្ថែមថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងចំណោមនិស្សិតដែលមានវត្តមាននៅទីនេះ នឹងមានអ្នកក្លាយជាសហគ្រិនជោគជ័យ និងជាអ្នកដឹកនាំដែលរួមចំណែកអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត»។
តំណាងសហគ្រិនខ្មែរ លោកស្រី សែម ភក្ត្រា ប្រធានលទ្ធកម្មយុទ្ធសាស្រ្ត បានចាត់ទុកកម្មវិធីនេះថា ជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ ដែលជួយលើកកម្ពស់វប្បធម៌សហគ្រិនភាពនៅក្នុងគ្រឹះស្ថានឧត្តមសិក្សា។ កម្មវិធីនេះបានដើរតួនាទីជាស្ពានចម្លងពីទ្រឹស្តីក្នុងថ្នាក់រៀនទៅកាន់ការអនុវត្តជាក់ស្តែងក្នុងទីផ្សារការងារ។
គួរបញ្ជាក់ថា ការបន្តទទួលបានជោគជ័យរហូតដល់រដូវកាលទី៤ គឺជាសក្ខីភាពបញ្ជាក់ពីការជឿទុកចិត្តរបស់សហគ្រិនខ្មែរ និងដៃគូពាក់ព័ន្ធចំពោះការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យជាតិមានជ័យ ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាសហគ្រិនជំនាន់ថ្មី ដែលប្រកបដោយចំណេះដឹង និងសមត្ថភាពពិតប្រាកដ៕
ដោយ៖ ឈុន សារ៉ាត





