ឯកឧត្តម ជា វ៉ានដេត អញ្ជើញជាបិទវគ្គបណ្តុះបណ្តាលស្ដីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដល់មន្រ្តីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. សរុប ៩៩៣នាក់ នៅទីស្ដីការ ក.ប.ទ.។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័ស និងបានឈានចូលដល់យុគសម័យបញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) ដែលមិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់ និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ត្រូវចាប់យក និងរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក.ប.ទ. ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ត្រូវនាំមុខ និងធ្វើជាគម្រូដល់ក្រសួង ស្ថាប័នផ្សេងទៀតក្នុងការចាប់យកបច្ចេកវិទ្យា AI ពោល គឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យនេះ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





