ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យយកចិត្តទុកដាក់លើសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងការដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ
AKP កែប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានជំរុញឱ្យក្រុមហ៊ុនអនុវត្តគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើសោភ័ណភាព គុណភាព និងនិរន្តរភាព ក្នុងការអនុវត្ត និងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសការដំណើរការ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ ដើម្បីរួមចំណែកលើកកម្ពស់សុវត្ថិភាព សោភ័ណភាពទីក្រុង និងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកែប។

ការលើកឡើងនេះធ្វើឡើងក្នុងកម្មវិធីបទបង្ហាញស្តីពីការដំណើរការ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប ក្រោមគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និង ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងតំណាងក្រុមហ៊ុនអនុវត្តគម្រោងជាច្រើនរូប កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលតូចសាលាខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់នៅពេលយប់ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញ។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា រាល់ការអនុវត្តគម្រោង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវផ្តោតលើគោលការណ៍សំខាន់ចំនួន៣ គឺ សោភ័ណភាព គុណភាព និងនិរន្តរភាព។ សោភ័ណភាពគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់មុខមាត់ទីក្រុង និងបរិស្ថានឱ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ឆ្នេរសមុទ្រ។ ចំពោះគុណភាព ត្រូវធានាការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។ រីឯនិរន្តរភាព ត្រូវគិតគូរដល់ការគ្រប់គ្រង និងថែទាំជាប្រចាំ ដើម្បីធានាឱ្យសមិទ្ធផលដែលបានសាងសង់ឡើងអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ជូនសាធារណជនប្រកបដោយប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវិស័យថាមពល បានមានប្រសាសន៍ថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា។ ការដាក់ឱ្យដំណើរការប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវក្នុងខេត្តកែប នឹងជួយបង្កើនសុវត្ថិភាព សម្រួលការធ្វើដំណើរ និងរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមបានបន្តថា ក្រសួង-ស្ថាប័នគ្រប់គ្រងគម្រោង និងភាគីពាក់ព័ន្ធ នឹងបន្តសហការជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពជំនាញនានា ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងសម្រេចបានតាមគោលដៅដែលបានកំណត់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើការថែរក្សា និងគ្រប់គ្រងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវ សោភ័ណភាព គុណភាព និងនិរន្តរភាព ស្របតាមគោលដៅរបស់គម្រោង៕
ដោយ AKP





