ឯកឧត្តម អឿង ចន្ថា អញ្ជើញពិនិត្យស្ថានីយឧតុនិយមស្វ័យប្រវត្តិ នៅខេត្តកំពង់ស្ពឺ ដើម្បីពង្រឹងប្រសិទ្ធភាពការព្យាករធាតុអាកាស
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាព និងវឌ្ឍនភាពការងារនៅស្ថានីយឧតុនិយមស្វ័យប្រវត្តិ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមអនុរដ្ឋលេខាធិការបានឱ្យដឹងថា ស្ថានីយឧតុនិយមស្វ័យប្រវត្តិនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិន្នន័យធាតុអាកាស ដើម្បីធ្វើការព្យាករប្រចាំថ្ងៃបានលម្អិត ច្បាស់លាស់ និងទាន់ពេលវេលា ក្នុងទិសដៅបម្រើដល់វិស័យស្នូលនានា ព្រមទាំងជួយដល់ការងារស្រាវជ្រាវ និងការប្រកាសអាសន្នជាមុនពីគ្រោះមហន្តរាយធម្មជាតិ ដូចជា ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ឯកឧត្តមក៏បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពបន្ថែមជាប្រចាំ បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការថែទាំជួសជុលឧបករណ៍បច្ចេកទេស និងត្រូវសម្អាតទីធ្លាជុំវិញស្ថានីយឱ្យបានស្អាតបាត។

ឯកឧត្តមបានបញ្ជាក់ថា ការរួមគ្នាយកចិត្តទុកដាក់លើកិច្ចការទាំងនេះ គឺដើម្បីធានាឱ្យស្ថានីយស្វ័យប្រវត្តិទាំងអស់ដំណើរការបានរលូន និងអាចផ្តល់ទិន្នន័យបានត្រឹមត្រូវ ច្បាស់លាស់ ក្នុងទិសដៅបម្រើផលប្រយោជន៍សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





