កិច្ចប្រជុំស្តីពីការវាយតម្លៃ ទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ស្រុកថ្មបាំង ខេត្តកោះកុង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--លោកស្រី អ៊ូច លក្ស្មី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារ បានរៀបចំកិច្ចប្រជុំស្តីពីការវាយតម្លៃ ទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច (ជង) ភូមិចំណារ និងភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាជំហានទី៥ នៃដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលមានសមាសភាពចូលរួមពីអាជ្ញាធរដែនដី និងប្រជាពលរដ្ឋសរុបចំនួន ៧៧នាក់ កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងជា ១.ប្រជាពលរដ្ឋទាំង ២ភូមិបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិច ជង រួមមានជាតិពន្ធុ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សង្គម ភាសា និងឯកភាពស្រុះស្រួលគ្នាក្នុងការស្នើសុំការទទួលស្គាល់អត្តសញ្ញាណជាសហគមន៍ជនជាតិដើមភាគតិច ជង ពីក្រសួងអភិវឌ្ឍន៍ជនបទស្របតាមច្បាប់។ ២. ប្រជាពលរដ្ឋបានយល់ដឹងពីលក្ខណៈសម្បត្តិទាំងប្រាំរបស់ភូមិគំរូ។ ៣. គណៈកម្មាធិការសហគមន៍ក្នុងភូមិទាំង២ បានយល់ដឹងពីតួនាទីភារកិច្ចរបស់ខ្លួនក្នុងការជំរុញការដឹកនាំ និងការគ្រប់គ្រងសហគមន៍ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព។

ក្រុមការងារក៏បានចុះសិក្សា និងពិនិត្យស្ថានភាព សក្តានុពលភូមិដែលមានជនជាតិដើមភាគតិច (ជង)មចំនួនបីភូមិ គឺភូមិត្រពាំងខ្នារ ភូមិកណ្តាល ភូមិស្ពានក្តារ នៅឃុំតាទៃលើ ដែលមន្ទីរបានធ្វើបច្ចុប្បន្នភាពថ្មី ដើម្បីលើកទឹកចិត្ត និងជំរុញការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





