ឯកឧត្តម ឃួង ស្រេង ជំរុញមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ត្រូវផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយឱ្យល្អប្រសើរជាងមុន
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែមឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយឱ្យកាន់តែល្អប្រសើរជាងមុន និងលឿនជាងមុនថែមទៀត។

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំលើការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យកាន់សកម្ម និង បានល្អប្រសើរថែមទៀត ព្រមទាំងជំរុញផ្សព្វផ្សាយអំពីការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ឯកឧត្តមតែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនេះគឺមិនមែនជាលើកទី១នោះទេ ឯកឧត្តមតែងតែក្រើនរំលឹក និង ណែនាំជាប់ជាប្រចាំ ធ្វើយ៉ាងណា ដើម្បីជំរុញបន្ថែមឱ្យដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕
ដោយ សួស សំរិត





