គ្រូបង្គោលកាកបាទក្រហម២៥រូប ត្រៀមចុះផ្សព្វផ្សាយទប់ស្កាត់គ្រោះថ្នាក់មីន និងសំណល់ផ្ទុះពីសម័យសង្គ្រាម
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ការពង្រឹងសុវត្ថិភាព និងភាពធន់របស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីការគំរាមកំហែងនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាកិច្ចការអាទិភាពឈានមុខគេ។ ជាក់ស្តែង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ វគ្គបណ្តុះបណ្តាលគ្រូបង្គោលដ៏មានសារៈសំខាន់មួយ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលនេះជាជំហានថ្មីមួយក្នុងការបង្កើត «ខែលការពារ» ដ៏រឹងមាំសម្រាប់សហគមន៍។

ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្ដីពី «ការអប់រំអំពីហានិភ័យនៃគ្រាប់មីន សំណល់ជាតិផ្ទុះពីសម័យសង្គ្រាម និងប្រតិបត្តិអង្គការមនុស្សធម៌ប្រកបដោយសុវត្ថិភាព» នេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ (ផ្លូវ៧មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ) ក្រោមអធិបតីភាពលោក ឃុន វុទ្ធី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រីប្រធានគណៈកម្មាធិការសាខា។ ឆ្លងកាត់ការសិក្សាយ៉ាងម៉ត់ចត់រយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦) សិក្ខាកាមដែលជាអ្នកស្ម័គ្រចិត្តមកពីស្រុកគោលដៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន ២៥នាក់ ត្រូវបានបំពាក់បំប៉ននូវចំណេះដឹង និងបច្ចេកទេសសំខាន់ៗ។

នៅក្នុងឱកាសនោះ លោក ឃុន វុទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ពីតម្លៃនៃវគ្គបណ្តុះបណ្តាលនេះថា រយៈពេល៤ថ្ងៃមកនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនយើងដែលកំពុងរស់នៅលើមូលដ្ឋានរាល់ថ្ងៃ។ វគ្គនេះមានគោលបំណងចូលរួមចំណែកលើកកម្ពស់សុខភាព និងតម្លៃមនុស្សធម៌ កាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ជាពិសេស គឺផ្តោតលើការបង្កើនសមត្ថភាពដល់មន្ត្រីប្រតិបត្តិសាខា អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ ដើម្បីក្លាយជាគ្រូបង្គោលដែលមានសមត្ថភាព អាចយកចំណេះដឹងនេះទៅអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប្រឈមដទៃទៀត ក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះ លោកអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ៍យ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ សម្ដេចតែងតែចាត់ចែងឱ្យផ្នែកពាក់ព័ន្ធសម្របសម្រួលបង្កើតវគ្គបណ្តុះបណ្តាលបែបនេះឡើង ដើម្បីកាត់បន្ថយភាពរងគ្រោះនានាក្នុងសហគមន៍ឱ្យនៅកម្រិតទាបបំផុត។
សិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សានេះ ពួកគេបានបង្ហាញពីក្តីរំភើប និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ សិក្ខាកាមបានលើកឡើងថា ចំណេះដឹងដែលទទួលបានក្នុងរយៈពេល ៤ថ្ងៃនេះ មិនត្រឹមតែជួយឱ្យពួកគេយល់ដឹងពីរបៀបការពារខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «អាវុធគំនិត» ដ៏សំខាន់សម្រាប់យកទៅជួយសង្គ្រោះអ្នកដទៃ។ ពួកគេបានប្តេជ្ញាថា នឹងនាំយកចំណេះដឹងទាំងនេះចុះទៅផ្សព្វផ្សាយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពិសេសកុមារតូចៗ និងកសិករដែលរស់នៅជិតតំបន់ប្រឈម ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍តាមព្រំដែនកាន់តែមានសុវត្ថិភាព និងលែងមានអ្នករងគ្រោះដោយសារគ្រាប់មីនបន្តទៀត។
ទន្ទឹមនឹងនោះ លោក ឃុន វុទ្ធី ក៏បានប្រសិទ្ធពរជ័យជូនដល់សម្តេចប្រធាន គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ព្រមទាំងបានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ២៥រូប និងបានថតរូបអនុស្សាវរីយ៍រួមគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីសង្ឃឹមសម្រាប់សុវត្ថិភាពសហគមន៍៕
ដោយ ឈុន សារ៉ាត





