ឯកឧត្តម យិត ភីរៈ ចាត់ទុកថា វគ្គបណ្តុះបណ្តាលសូហ្វតិន្នីសជាការដុសខាត់ អភិវឌ្ឍបន្ថែមនូវចំណេះដឹងឱ្យទាន់តាមការកែសម្រួលលក្ខន្តិកៈរបស់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៦បានបិទបញ្ចប់ដោយជោគជ័យ ខណៈឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ តំណាងឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិនី្នសកម្ពុជាបានចាត់ទុកថា វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះជាការពង្រឹងសមត្ថភាពបន្ថែមនូវចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការសម្រេចចិត្តកាត់សេចក្តីលើទីលានប្រកួត។

នៅក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យនៃវគ្គបណ្តុះបណ្តាល នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម យិត ភីរៈ បានគូសបញ្ជាក់ថា៖ «វគ្គបណ្តុះបណ្តាលនៅពេលនេះ ខ្ញុំចាត់ទុកថាមានសារៈសំខាន់ ដែលជាការដុសខាត់ ដើម្បីអភិវឌ្ឍបន្ថែមនូវចំណេះដឹង ជាមួយនឹងមេរៀនថ្មីៗល្អៗ ដែលគ្រូឧទ្ទេសបាន Update ឱ្យទាន់តាមការកែសម្រួលលក្ខន្តិកៈរបស់សហព័ន្ធកីឡាអន្តរជាតិ ដើម្បីបង្ហាត់បង្ហាញដល់អ្នកចូលរួមទាំងអស់»។

ឯកឧត្តម យិត ភីរៈ បានសង្កត់ធ្ងន់ថា ជាការពិតទាំងមន្ត្រីបច្ចេកទេស ទាំងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីនៅក្នុងព្រឹត្តិការណ៍ប្រកួតបានដោយភាពជឿជាក់។ ដូច្នេះ ទើបសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាល ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញបច្ចេកទេស ព្រមទាំងអាចឆ្លើយតបបានទៅនឹងកម្រិតនៃព្រឹត្តិការណ៍ប្រកួតប្រកបដោយប្រសិទ្ធិភាព។

ក្នុងនាម ឯកឧត្តម សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ឯកឧត្តមអគ្គលេខាធិការបានថ្លែងអំណរគុណគ្រូឧទ្ទេស Mr. Masato និងលោកគ្រូ យី សារិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចែករំលែកបទពិសោធល្អៗដល់វគ្គបណ្តុះបណ្តាលនេះ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលប្រកបដោយជោគជ័យនាពេលនេះ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវមានសុភវិនិច្ឆ័យដោយតម្លាភាពចំពោះតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកកាត់សេចក្តី។

ជាមួយគ្នានេះ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងជាអ្នកសម្របសម្រួលបច្ចេកទេសប្រចាំវគ្គនេះបានជម្រាបជូនថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២៦មានសិក្ខាកាមចូលរួមចំនួន ២៦នាក់ បង្ហាត់បង្រៀនដោយលោក OGIWARA MASATO គ្រូបង្វឹកអន្តរជាតិ ជនជាតិជប៉ុន និងលោក យី សារិន គ្រូឧទ្ទេស និងជាគ្រូបង្វឹកកីឡាសូហ្វតិន្នីសកម្ពុជា។ វគ្គនេះដំណើរទៅបានអាស្រ័យដោយទទួលការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា និងទទួលបានឧបត្ថម្ភគាំទ្រសហការពីក្រសួងអប់រំ យុវជន និងកីឡា រៀបចំរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០៧-១១ ខែមិថុនា ឆ្នាំ២០២៦។ សិក្ខាកាមទាំងអស់ទទួលបានការវាយតម្លៃថា លទ្ធផលល្អ ៧០% ល្អបង្គួរ ២០ % និងមធ្យម ១០%។

ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោកស្រីបង្ហាញការប្តេជ្ញាចិត្តបន្តរក្សាការខិតខំប្រឹងប្រែងលើគ្រប់ការងារទាំងអស់រួមទាំងការបណ្តុះបណ្តាលនេះដែរ ជាពិសេសពង្រឹងប្រភេទកីឡាមួយនេះឱ្យកាន់តែមានការអភិវឌ្ឍសមត្ថភាព ទៅមុខបន្ថែមទៀតទាំងកីឡាករ កីឡាការិនី និងក្រុមមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលឱ្យមានគុណភាពខ្ពស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្តាប់ផងដែរ៕
ដោយ ហេង ណាលីន





