រដ្ឋមន្ត្រីក្រសួងការងារទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះ បណ្តាល SPARK Campus, សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។

ឯកឧត្តមក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប ដើម្បីធ្វើការឈ្វេងយល់ពីការរៀបចំ និងការបណ្តុះបណ្តាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ឯកឧត្តម ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និងការអនុវត្តការងារជាក់ស្ដែង។ បទពិសោធនេះជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា លើកកម្ពស់គុណភាព និងការឆ្លើយតបនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន។

ទន្ទឹមនឹងនេះ ភាគីម្ចាស់ផ្ទះបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធជាក់ស្តែងពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនដែលអាចយកមកពិចារណាអនុវត្តបាន។ បន្ថែមពីនេះ ភាគីម្ចាស់ផ្ទះក៏បានបង្ហាញឆន្ទៈក្នុងការបន្តចែករំលែកគ្នាទៅវិញ ទៅមកនូវចំណេះដឹង និងបទពិសោធជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធសំខាន់ៗផងដែរនាពេលអនាគត៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





