អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតនៃការសិក្សាជំនាញ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនាថា ប្រធានបទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃពិតនៃការសិក្សាជំនាញ។
លោកថ្លែងថា៖«”TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល” ជាប្រធានបទ TVET DAY ឆ្នាំនេះ ហើយប្រធានបទនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃនៃការសិក្សាជំនាញ ពោលគឺនៅពេលយុវជនមានជំនាញច្បាស់លាស់ ពួកគេនឹងមានឱកាសទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងអាចអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង»។

បើតាមលោក ស៊ុន មេសា ក្រសួងកា រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ។

លោកបន្ថែមថា ទិវាជាតិ TVET មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញសមិទ្ធផល ស្នាដៃ និងសក្តានុពលរបស់សិស្ស-និស្សិត TVET ក៏ដូចជាភ្ជាប់ទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ដើម្បីធានាថាការបណ្តុះបណ្តាលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

លោកបន្ថែមទៀតថា ប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្រាប់ឆ្នាំ២០២៦នេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ ដើម្បីសម្រេចគោលដៅ ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។

តាមរយៈការប្រារព្ធទិវាជាតិ TVET លើកទី៩ ឆ្នាំ២០២៦ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំពឹងថានឹងបន្តជំរុញការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសិក្សាជំនាញ និងលើកទឹកចិត្តយុវជនឱ្យចូលរួមរៀនជំនាញកាន់តែច្រើន ដើម្បីទទួលបានការងារល្អ មានប្រាក់ចំណូលសមរម្យ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ នេះបើតាមអ្នកនាំពាក្យដដែល៕

ដោយ៖ ប៊ុន រិទ្ធ , ប្រភព ៖ ក្រសួងការងារ





