ចិនជំរុញឱ្យមានការប្រុងប្រយ័ត្នទៅលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ -- ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ កាលពីពេលថ្មីៗនេះ បានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យអនុវត្តការប្រុងប្រយ័ត្ន និងដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ចំពេលដែលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ និងជុំវិញស្ថានភាពនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើអ៊ីរ៉ង់។
ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុប្រធានអចិន្ត្រៃយ៍របស់ប្រទេសចិន គឺលោក ស៊ុន ឡី បានអះអាងថា ក្រុមប្រឹក្សាបានបញ្ឈប់ការពិចារណារបស់ខ្លួនជាផ្លូវការលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនដើម្បីបន្តរាយការណ៍សម្រាប់គណៈកម្មាធិការ១៧៣៧ ដែលជាស្ថាប័នត្រួតពិនិត្យទណ្ឌកម្មដែលត្រូវបានផ្អាកដោយ JCPOA ឆ្នាំ២០១៥។
ខណៈដែលសម្ព័ន្ធភាពនៃប្រទេសចំនួនប្រាំបី រួមទាំងសហរដ្ឋអាមេរិកបារាំង និងចក្រភពអង់គ្លេស បានជំរុញឱ្យមានការអនុវត្តពេញលេញនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលទើបត្រូវបាន «ដកចេញ» ថ្មីៗនេះដោយសារតែការព្រួយបារម្ភអំពីការស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ទាំងប្រទេសចិន និងរុស្ស៊ី បានជំទាស់យ៉ាងខ្លាំងចំពោះមូលដ្ឋានច្បាប់ និងនីតិវិធីសម្រាប់ការស្តារទណ្ឌកម្មទាំងនេះឡើងវិញ។
លោក ស៊ុន បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ ក្នុងនាមជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ រក្សាសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី រួមជាមួយនឹងការប្តេជ្ញាចិត្តមិនរីកសាយភាយអាវុធនុយក្លេអ៊ែរទូទាំងពិភពលោក។ លោកបានគូសបញ្ជាក់ថាអាទិភាពចម្បងត្រូវតែរក្សាបទឈប់បាញ់បច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
ប្រទេសចិនបានសម្តែងការគាំទ្រដល់ប្រទេសទាំងពីរក្នុងការដោះស្រាយភាពខុសគ្នារបស់ពួកគេតាមរយៈកិច្ចចរចាដោយសមហេតុផល និងជាក់ស្តែង ជាជាងការគំរាមកំហែងដោយកម្លាំង ដែលលោក ស៊ុន បានព្រមានថា វានឹងរុញច្រានមជ្ឈិមបូព៌ាឱ្យធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់ដ៏ជ្រាលជ្រៅបំផុត។
ដោយឆ្លុះបញ្ចាំងពីប្រវត្តិនៃជម្លោះនេះ លោក ស៊ុន បានកត់សម្គាល់ថាការដកខ្លួនជាឯកតោភាគីរបស់សហរដ្ឋអាមេរិកចេញពី JCPOA និងការប្រើប្រាស់កម្លាំងកាលពីអតីតកាល បានធ្វើឱ្យខូចខាតដល់វឌ្ឍនភាពការទូតយ៉ាងធ្ងន់ធ្ងរ។ លោកបានជំរុញឱ្យភាគីអន្តរជាតិពាក់ព័ន្ធទាំងអស់បោះបង់ចោលនយោបាយអំណាច ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់លើមូលដ្ឋានស្មើភាពគ្នា និងគោរពគោលការណ៍ដែលថា សន្តិសុខរបស់ប្រទេសមួយមិនគួរធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសមួយផ្សេងទៀតឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





