សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--យុវជន សេង សុខហៀង សិស្សជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតស្នាដៃនវានុវត្តន៍ «ប្រព័ន្ធចំណតឡានស្វ័យប្រវត្តិដោយប្រើការវិភាគរូបភាព» ដែលអាចស្គាល់ស្លាកលេខរថយន្ត ស្វែងរកទីតាំងចំណតទំនេរ និងគណនាថ្លៃចតដោយស្វ័យប្រវត្តិ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មចំណតរថយន្ត។

លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេក វិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លាកលេខរថយន្តនៅពេលចូលចំណត។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រ វត្តិ និងណែនាំអ្នកបើកបរទៅកាន់កន្លែងចតដែលនៅទំនេរ ដោយបង្ហាញព័ត៌មានតាមប្រព័ន្ធកុំព្យូទ័រ។
លោកបន្តថា នៅពេលរថយន្តចាកចេញ ប្រព័ន្ធនឹងគណនារយៈពេលចត និងបង្ហាញចំនួនទឹកប្រាក់ដែលត្រូវបង់ដោយស្វ័យប្រវត្តិ។ ថ្លៃសេវាត្រូវបានគណនាតាមរយៈពេលចតជាក់ស្តែង ដែលជួយកាត់បន្ថយការគណនាដោយដៃ និងបង្កើនភាពត្រឹមត្រូវក្នុងការគ្រប់គ្រងចំណូល។

យុវជនរូបនេះបញ្ជាក់ថា៖«បញ្ហាប្រឈមមួយដែលអ្នកបើកបរតែងជួបប្រទះ គឺមិនដឹងថាកន្លែងចតណានៅទំនេរ និងត្រូវចំណាយពេលស្វែងរក។ ប៉ុន្តែជាមួយប្រព័ន្ធចំណតឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចដឹងភ្លាមៗពីទីតាំងចំណតដែលមានស្រាប់ និងធ្វើដំណើរទៅកាន់ទីតាំងនោះបានយ៉ាងឆាប់រហ័ស»។

ក្រៅពីផ្តល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត ប្រព័ន្ធនេះក៏ជួយកាត់បន្ថយតម្រូវការបុគ្គលិកប្រចាំចំណតផងដែរ ព្រោះការកត់ត្រាស្លាកលេខ ការគណនាថ្លៃសេវា និងការគ្រប់គ្រងចំណតអាចដំណើរការដោយស្វ័យប្រវត្តិ។ ជាពិសេស ប្រព័ន្ធមានសមត្ថភាពត្រួតពិនិត្យចំនួនចំណតទំនេរ ហើយនឹងមិនអនុញ្ញាតឱ្យរថយន្តចូលបន្ថែមទៀតនៅពេលចំណតពេញ។

សេង សុខហៀង បានបញ្ជាក់ថា គំនិតបង្កើតគម្រោងនេះ ដើម្បីបង្ហាញពីសមត្ថ ភាពរបស់យុវជន TVET និងជំរុញការយល់ដឹងរបស់សាធារណជនអំពីការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុងជីវភាព និងអាជីវកម្មនាពេលអនាគត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





