ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ក្នុងព្រឹត្ដិការណ៍ Asian Festival 2026
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដមបណ្ឌិត ជា ច័ន្ទបរិបូណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី បានចូលរួមសន្និសីទសារព័ត៌មានស្តីពី Asian Festival 2026 ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការទីភ្នាក់ងារសារព័ត៌មានប៊ុលហ្គារី (BTA) ក្នុងទីក្រុងសូហ្វៀ ប្រទេសប៊ុលហ្គារី នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយបានធ្វើការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ជូនដល់ប្រជាជនប៊ុលហ្គារី និងមិត្តភក្តិអន្តរជាតិ ដែលបានចូលរួមក្នុងព្រឹត្ដិការណ៍នោះ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំដោយស្ថានទូតឥណ្ឌូណេស៊ីប្រចាំសាធារណរដ្ឋប៊ុលហ្គារី ហើយជាលើកទី៦ ដែលបណ្តាប្រទេសអាស៊ី រួមគ្នារៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ។

ឯកឧត្ដមបណ្ឌិត ជា ច័ន្ទបរិបូណ៍ បានមានប្រសាសន៍ថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាលើកទី២ហើយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Asian Festival ក្រោមការដឹកនាំរបស់ឯកឧត្ដម ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី។ ឯកឧត្ដមបានចាត់ទុកការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានតម្លៃក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី សិល្បៈ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ជូនដល់ប្រជាជនប៊ុលហ្គារី និងមិត្តភក្តិអន្តរជាតិ ព្រមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ី និងសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងនាមតំណាងប្រទេសកម្ពុជា ឯកឧត្ដមឯកអគ្គរាជទូត មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ Asia Festival ដ៏មានសារៈសំខាន់នេះ។ ឯកឧត្ដមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតឥណ្ឌូណេស៊ី ព្រមទាំងអង្គភាព និងបុគ្គលពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង។

ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងនូវស្តង់របស់កម្ពុជា ដែលនឹងបង្ហាញជូននូវផលិតផល និងឯកសារផ្សព្វផ្សាយមួយចំនួន ដែលឆ្លុះបញ្ចាំងពីវប្បធម៌ ប្រវត្តិសាស្ត្រ និងសក្ដានុពលរបស់ប្រទេសកម្ពុជា។ ទន្ទឹមនេះ ភ្ញៀវទាំងអស់ក៏អាចសាកល្បងរសជាតិបង្អែមខ្មែរ កាហ្វេ និងតែ របស់ខ្មែរ ព្រមទាំងស្វែងយល់អំពីក្រមាខ្មែរ ដែលជាសិប្បកម្មតម្បាញដោយដៃ និងជានិមិត្តរូបដ៏សំខាន់មួយនៃអត្តសញ្ញាណជាតិខ្មែរ។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត ជា ច័ន្ទបរិបូណ៍ បានបញ្ជាក់ថា អ្វីដែលកាន់តែមានន័យជាងនេះទៅទៀត គឺថវិកាដែលប្រមូលបានពីការលក់ផលិតផលនៅក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគជូនមូលនិធិគាំទ្រកុមារ ដែលកំពុងប្រឈមនឹងជំងឺមហារីក។ នេះជាការចូលរួមតូចមួយ ប៉ុន្តែពោរពេញដោយក្តីស្រឡាញ់ ការចែករំលែក និងស្មារតីមនុស្សធម៌។ ឯកឧត្ដម ឯកអគ្គរាជទូតបានបន្ថែមថា ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីផ្សព្វផ្សាយវប្បធម៌ និងផលិតផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃបណ្តាប្រទេសអាស៊ី និងសហគមន៍អន្តរជាតិ។ ឯកឧត្ដមជឿជាក់ថា ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបែបនេះ នឹងរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់យើងទាំងអស់គ្នា៕

ដោយ៖ រិទ្ធី, ប្រភព៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី





