ទំនុកចិត្តយូរអង្វែងទទួលបានពីការបម្រើសេវាជូនប្រជាពលរដ្ឋបានមកពីការប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឈរលើសមត្ថភាពពិតប្រាកដ និងអាកប្បកិរិយាល្អ
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ទំនុកចិត្តយូរអង្វែងទទួលបានពីការបម្រើសេវាជូនប្រជាពលរដ្ឋ បានមកពីការប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឈរលើសមត្ថភាពពិតប្រាកដ និងអាកប្បកិរិយាល្អ។ ទំនុកចិត្តនេះត្រូវសន្សំជារៀងរាល់ថ្ងៃ និងជារៀងរហូតទៅមុខ។ នេះជាសាររបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសដែលឯកឧត្តម និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកស្រីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខភាពនៅ មណ្ឌលសុខភាពពេជចង្វារ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានកោតសរសើរការប្តេជ្ញាចិត្ត និងការស្មោះស្ម័គ្រខិតខំប្រឹងប្រែងរបស់មន្ត្រីមណ្ឌលក្នុងការបំពេញការងារ។ ការរីកចម្រើនរបស់មណ្ឌលសុខភាព បានឆ្លុះបញ្ចាំងពីសារ:សំខាន់នៃភាពជាអ្នកដឹកនាំ ដែលបាននាំមកនូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការបម្រើសេវាសុខភាពជូនប្រជាជន។ ឯកឧត្តមសាស្រ្តាចារ្យបានលើកឡើងថា នេះជាមោទនភាព ចំពោះភាពរីកចម្រើន និងការវិវត្តដ៏វិជ្ជមានរបស់មណ្ឌលសុខភាព ដែលជាមូលដ្ឋានខ្សែបណ្តាយចុងក្រោយនៃប្រព័ន្ធសុខាភិបាល។

ទន្ទឹមនឹងនេះ ដោយទឹកចិត្តរំភើបរីករាយ និងឆ្លើយតបទៅភាពរីកចម្រើនជាលំដាប់ មន្រ្តីនៃមណ្ឌលសុខភាពបានគោរពថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំសុខាភិបាល ដែលជារៀងរាល់រសៀលថ្ងៃអង្គារ ឯកឧត្តមរដ្ឋមន្ត្រីយកពេលវេលាដឹកនាំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍រហូតមកដល់ពេលនេះ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





