សមាគមបណ្តាញកសិករតេជោផ្សព្វផ្សាយព័ត៌មាន និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅខេត្តកែប
AKP កែប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦-- សមាគមបណ្តាញកសិករតេជោបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាកសិករមកពីតាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកែប នៅសាលប្រជុំសាលាក្រុងកែប កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានមានប្រសាសន៍ថា ខេត្តកែបមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម ដោយសារមានលក្ខខណ្ឌភូមិសាស្ត្រ និងធនធានធម្មជាតិអំណោយផល សមស្របសម្រាប់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វជាច្រើនប្រភេទ ដែលជាមូលដ្ឋានសម្រាប់បង្កើនផលិតភាព ប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការទទួលបានប្រភពហិរញ្ញប្បទាន និងឥណទានក្នុងលក្ខខណ្ឌសមស្រប គឺជាកត្តាសំខាន់ក្នុងការជួយឱ្យប្រជាកសិករមានលទ្ធភាពពង្រីកការផលិត និងអភិវឌ្ឍអាជីវកម្មកសិកម្មរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ប្រជាកសិករគួរផ្តោតលើការផលិតដំណាំ និងផលិតផលកសិកម្មដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ដើម្បីធានាបាននូវការលក់ និងប្រាក់ចំណូលប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋាន ដោយពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កបរិយាកាសល្អសម្រាប់ការរស់នៅ ការប្រកបមុខរបរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ប្រជាកសិករតែងតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដូចជា ការខ្វះទីផ្សារសម្រាប់ផលិតផលកសិកម្ម ការកើនឡើងនៃតម្លៃធាតុចូលកសិកម្ម កង្វះបច្ចេកទេសផលិតកម្ម និងបញ្ហាទុនវិនិយោគដែលមានអត្រាការប្រាក់ខ្ពស់។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ ឱ្យកាន់តែប្រសើរឡើង ប្រជាកសិករត្រូវផ្លាស់ប្តូរពីការធ្វើកសិកម្មបែបប្រពៃណី មកកាន់ការធ្វើកសិកម្មបែបទំនើប ដែលផ្អែកលើបច្ចេកទេស ចំណេះដឹង និងការសិក្សាទីផ្សារឱ្យបានច្បាស់លាស់ ដោយត្រូវចាត់ទុកវិស័យកសិកម្មជាអាជីវកម្មមួយដែលមានផែនការ និងទិសដៅច្បាស់លាស់។
ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជំរុញឱ្យប្រជាកសិករប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសទំនើបក្នុងការផលិត ជាពិសេសការផលិត និងប្រើប្រាស់ជីធម្មជាតិក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើជីគីមី កាត់បន្ថយថ្លៃដើមផលិត និងបង្កើនប្រាក់ចំណេញ។ ទន្ទឹមនឹងនេះ ប្រជាកសិករត្រូវយកចិត្តទុកដាក់លើការគណនាថ្លៃដើមផលិតកម្មឱ្យបានត្រឹមត្រូវ មិនថាការដាំដុះដំណាំ ឬការចិញ្ចឹមសត្វនោះទេ ដើម្បីធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងនៅលើទីផ្សារ៕
ដោយ AKP





