រដ្ឋមន្ត្រីក្រសួងអប់រំកោតសរសើរចំពោះការលះបង់កម្លាំងកាយចិត្តរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងការប្រែប្រួលនៃស្ថានភាពសន្តិសុខព្រំដែននាពេលកន្លងមកក៏ដោយ។

ក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សនៃខេត្តព្រះវិហារ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់ក្មួយៗសិស្សានុ សិស្សគឺមិនត្រូវខកខានឡើយ។ ដូចនេះទើបក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីបន្តឱ្យសិស្សទទួលបានការសិក្សាទោះក្នុងកាលៈទេសៈណាក៏ដោយ សំដៅធានាឱ្យបាននូវសមធម៌ និងបរិយាបន្នអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងបានដាស់តឿនដល់ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ត្រូវយកចិត្តទុកដាក់ស្វ័យសិក្សា និងប្រើប្រាស់កម្រងសៀវភៅវិញ្ញាសាត្រៀមប្រឡងដែលក្រសួងបានផ្តល់ជូននៅថ្ងៃនេះ ហាត់អនុវត្តពង្រឹងសមត្ថភាពដើម្បីទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





