រាជរដ្ឋាភិបាលពង្រឹងកិច្ចអន្តរាគមន៍តាមរយៈគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ១.៥០០គ្រួសារ នៅស្រុកភ្នំស្រុក
AKPបន្ទាយមានជ័យ ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៦--ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ ចេញនូវគម្រោងដ៏មានសារៈសំខាន់មួយគឺ “គម្រោងបង្កើនសមត្ថភាព និងជីវ ភាពប្រជាជនក្រីក្រ (EMPOWER)”។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិទ្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយស្តីពីការអនុវត្តគម្រោងនេះដល់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម មាស ពិសិទ្ធ បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរអំពីសុខទុក្ខ និងការស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងក្រុមគ្រួសារដែលងាយរងគ្រោះឱ្យមានភាពប្រសើរឡើង។ ការអនុវត្តគម្រោង EMPOWER គឺជាសក្ខីភាពមួយដែលបង្ហាញថា រាជរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅក្របខណ្ឌនៃការអភិវឌ្ឍឡើយ។
គម្រោង EMPOWER ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យវែងឆ្ងាយក្នុងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើនប្រាក់ចំណូលតាមរយៈការជំរុញសកម្មភាពកសិកម្មដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។
ការធានាសន្តិសុខស្បៀង បង្កើតមូលដ្ឋា នគ្រឹះស្បៀងអាហារប្រកបដោយនិរន្តរ ភាពសម្រាប់គ្រួសារ។ភាពធន់ផ្នែកសេដ្ឋកិច្ចផ្តល់ការគាំទ្រលើផ្នែកបសុសត្វ និងវារីវប្បកម្ម ដែលមានលក្ខណៈបច្ចេកទេសធន់នឹងការប្រែប្រួលអាកាសធាតុ។
ការតភ្ជាប់ទីផ្សារ សម្របសម្រួលឱ្យកសិករអាចនាំផលិតផលទៅកាន់ទីផ្សារបានកាន់តែទូលំទូលាយ និងទទួលបានតម្លៃសមរម្យ។
គម្រោង EMPOWER មានទំហំការងារដ៏ធំធេងដោយគ្រោងនឹងផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រ និងងាយរងគ្រោះសរុបចំនួន ២០.០០០ គ្រួសារ នៅទូទាំងតំបន់គោលដៅ។ ដោយឡែក សម្រាប់ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គម្រោងនេះនឹងផ្តល់ការគាំទ្រដោយផ្ទាល់ដល់គ្រួសារគោលដៅចំនួន ១.៥០០ គ្រួសារ។
ឯកឧត្តម មាស ពិសិទ្ធ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំង អស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវអត្ថប្រយោជន៍ពិតប្រាកដពីគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ឈុនសារ៉ាត





