ឯកឧត្តម ឡាយ ឈុនហាំង អញ្ជើញចុះសួរសុខទុក្ខបងប្អូនកសិករនៅតំបន់ដាំដុះស្រូវក្នុងឃុំកន្ទឺ ស្រុកបាណន់
AKP ភ្នំពេញ ទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ទទួលបន្ទុកការងារស្រូវពូជ និងកសិកម្មតាមកិច្ចសន្យា នាថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចុះសួរសុខទុក្ខបងប្អូនកសិករនៅតំបន់ដាំដុះស្រូវក្នុងឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីស្ថានភាពផលិតកម្ម និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានចុះត្រួតពិនិត្យស្ថានភាពប្រភពទឹក ប្រព័ន្ធធារាសាស្ត្រ និងតំបន់កសិកម្មដាំដុះស្រូវផងដែរ ដើម្បីវាយតម្លៃលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលក្នុងរដូវកាលខាងមុខ។ ការចុះពិនិត្យនេះបានបង្ហាញថា ស្ថានភាពទឹកនៅតំបន់មួយចំនួននៅមានលក្ខណៈល្អប្រសើរ និងអាចគាំទ្រដល់ការងារដាំដុះស្រូវបាន ខណៈតំបន់ខ្លះទៀតត្រូវការការយកចិត្តទុកដាក់បន្ថែមលើការគ្រប់គ្រង និងរក្សាទុកទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលវែង។


ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យបងប្អូនកសិករបន្តអនុវត្តបច្ចេកទេសកសិកម្មល្អ ប្រើប្រាស់ស្រូវពូជដែលមានគុណភាព និងគ្រប់គ្រងធនធានទឹកឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវទិន្នផល និងគុណភាពស្រូវស្របតាមតម្រូវការទីផ្សារ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការពង្រឹងកិច្ចសហការរវាងកសិករ សហគមន៍កសិកម្ម និងដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនតម្លៃផលិតផល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកសិករឱ្យកាន់តែប្រសើរឡើង>

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា)





