អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលជាមួយក្រុមភ្លេងកាយរឹទ្ធិ ត្រៀមចេញទៅប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី៣
AKP ប៉ៃលិន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមភ្លេង យុវជនកាយរឹទ្ធិខេត្តប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធ ថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។

លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺកាយរឹទិ្ធជាតិកម្ពុជា បានចូលរួមអនុវត្តយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ យុវជនកម្ពុជា ចំពោះការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែក អភិវឌ្ឍកម្មវិធីសម្រាប់កុមារ និងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សរ៍ទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។


លោកជំទាវបណ្ឌិតអភិបាលខេត្តបានមានប្រសាសន៍ថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយរឹទិ្ធជាតិកម្ពុជា គឺក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដានុពលពេញលេញ ផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំងចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាននិរន្តរភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាព។

លោកជំទាវបណ្ឌិតបានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ និងក្រុមយុវជនកាយរឹទ្ធិទាំងអស់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនស្របតាមគោលបំណង គោលការណ៍ និងវិធីនៃចលនាកាយរឹទ្ធិ ព្រមទាំងត្រូវបន្តពង្រឹងការគោរពវិន័យច្បាប់កាយរឹទ្ធិ និងពង្រីកការធ្វើអំពើល្អ សំដៅកសាងជនគំរូ ក្នុងជួរយុវជនឱ្យបានកាន់តែច្រើនឡើង ដើម្បីឱ្យសមាជិកកាយរឹទ្ធិទាំងអស់ក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពគ្រប់គ្រាន់ មានស្មារតីទទួលខុសត្រូវខ្ពស់ និងជាអ្នកបន្តវេនដ៏មានប្រសិទ្ធភាពក្នុងកិច្ចការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។
សូមរំលឹកថា កាយរឹទ្ធិជាតិបង្កើតឡើងក្នុងឆ្នាំ២០០០ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេច ហ៊ុន សែន។ ក្រុមកាយរឹទ្ធជាតិកម្ពុជា បានទទួលស្គាល់ជាសមាជិកពេញសិទ្ធិ នៃអង្គការពិភពលោក នៃចលនាកាយរឹទ្ធិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨៕
ដោយ វួច ពឿន





