ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញពន្លឿនការងារស្ដារប្រឡាយមេទួលពង្រនៅសល់១០០០ម៉ែត្រ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ នៃមន្ទីរសាធារណការត្រូវពន្លឿនការងារស្ដារ ប្រពន្ធ័លូ ប្រឡាយមេ ទួលពង្រប្រវែង ១០០០ម៉ែត្រ ដែលកំពុងអនុវត្ដបន្ដ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀងនៅរដូវវស្សា ជូនប្រជាពលរដ្ឋ កុំឱ្យលិចលង់ ផ្ទះ សំបែង បន្ដទៀត ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ នៅខណៈពេលដែលឯកឧត្ដម និងមន្ដ្រីអាជ្ញាធរខណ្ឌចំនួន៥បានចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយមេ ជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យខណ្ឌនីមួយៗ អនុវត្តកន្លងមក ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ហើយផែនការនេះសុទ្ធតែជាកញ្ចប់ថវិកានិងប្រេងឥន្ធនៈរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នាឱកាសនៃការចុះពិនិត្យ មើលប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការជាមួយនឹងអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។ក្រុមការងារបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ។ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដើម្បីចៀសវាងផលប៉ះពាល់ ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកសាំ ពិសិដ្ឋ បានបន្ថែមទៀតថា ឯកឧត្តមឃួង ស្រេងក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រ និងការដាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈ ស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
ពាក់ព័ន្ធប្រឡាយទួលពង្រមានប្រវែង៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រទៀតប៉ុណ្ណោះ ដែលក្រុមការងារបាន និងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕
ដោយ សួស សំរិត





