វេទិកាពិភាក្សារវាងក្រុមការងារអាដហុកជាមួយអនុវិស័យពាក់ព័ន្ធក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ប្រទេសទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--វេទិកាពិភាក្សារវាងក្រុមការងារអាដហុកជាមួយអនុវិស័យពាក់ព័ន្ធ ក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ប្រទេសទីម័រឡេស្តេ នៅទីក្រុងឌីលី ប្រទេសទីម័រឡេស្តេ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិកក្រុមការងារអាដហុកទាំង១១ប្រទេស រួមទាំងតំណាងពាក់ព័ន្ធ ក្នុងនោះគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា។

វេទិកានេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅកាន់ទីម័រឡេស្តេ ដែលផ្ដោតលើ៖
១.ក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន, ២.ឯកសារពាក់ព័ន្ធរបស់អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន, ៣.កិច្ចប្រជុំ និងវេទិកាពាក់ព័ន្ធរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន, ៤.ការប្រមូលទិន្នន័យ ការពិភាក្សា និងការចូលរួមរបស់អនុវិស័យ, ៥.ការចរចា និងរបៀបកសាងការឯកភាពគ្នា និង ៦.ការសម្រេចបានរបស់ទីម័រឡេស្តេពីសមាជិកសង្កេតការណ៍ទៅជាសមាជិកអាស៊ានពេញលេញ។
ជាមួយគ្នានេះអង្គវេទិកាក៏បានចែករំលែកបទពិសោធន៍សំខាន់ៗ រួមមាន៖
-១.ប៊្រុយណេ បានចែករំលែកពីការបន្ស៊ីផែនការ និងរៀបចំឱ្យមានសង្គតិភាពក្នុងចំណោមក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន ជាមួយគោលនយោបាយ និងក្របខណ្ឌអនុវត្តថ្នាក់ជាតិ ពិសេសសកម្មភាពរបស់អនុវិស័យពាក់ព័ន្ធ។
-២.មីយ៉ាន់ម៉ា បានចែករំលែកពីការប្រមូលធាតុចូលពីអនុវិស័យពាក់ព័ន្ធរបស់សហគមន៍សង្គម-វប្បធម៌អាស៊ានរបស់ខ្លួន សម្រាប់ក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន។

-៣.ឡាវ បានចែករំលែកពីការប្រមូល និងពិនិត្យឯកសារពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍសូចនាករសមិទ្ធកម្មគន្លឹះក្នុងក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន។
-៤.វៀតណាម បានចែករំលែកពីការបន្ស៊ីផែន ការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានទៅនឹងផែនការការងាររបស់អនុវិស័យពាក់ព័ន្ធ។ -៥.សិង្ហបុរី បានចែករំលែកពីការរៀបចំកិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៣ និងវេទិកាពិភាក្សាជាមួយទីប្រឹក្សាបច្ចេកទេស និងអង្គភាពស្រាវជ្រាវ។
-៦.កម្ពុជា បានចែករំលែកពីយន្តការ និងកិច្ចដំណើរការក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារអាដហុកលើកទី១៤ ដើម្បីអភិវឌ្ឍក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន និងវេទិកាពិភាក្សាជាមួយអង្គការសង្គមស៊ីវិល។
-៧.ឥណ្ឌូនេស៊ី និងថៃ បានចែករំលែកពីការពិភាក្សាជាមួយអនុវិស័យពាក់ព័ន្ធក្នុងការកំណត់ប្រភពទិន្នន័យ ស្តង់ដារក្នុងការប្រមូលទិន្នន័យ និងឯកសារពាក់ព័ន្ធសម្រាប់ក្របខណ្ឌលទ្ធផលសហគមន៍សង្គម-វប្បធម៌អាស៊ាន។

-៨.ហ្វីលីពីន និងម៉ាឡេស៊ី បានចែករំលែកពីតុល្យភាពការងារ ការចូលរួមរបស់អនុវិស័យ និងការចរចាសេចក្ដីថ្លែងការណ៍ និងសូចនាករសមិទ្ធកម្មគន្លឹះ។ ចំណែកឯទីម័រឡេស្តេ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងសមត្ថភាព និងការប្ដេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ខ្លួនទៅជាសមាជិកពេញសិទ្ធិ និងបន្តប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតក្នុងនាមជាសមាជិកអាស៊ាន៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





