សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
AKPភ្នំពេញថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦– លោក សែជូ សិទ្ធិជោតិ លេខាធិការគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តសាខាចំនួន ៥៥នាក់ ស្រី ១០នាក់ និងអាជ្ញាធរមូលដ្ឋាន ដោយបានការសហការជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាល់ប៊ែតនៅ ក្នុងក្រុងព្រះសីហនុ គឺចាប់ពីទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ២០២៦ នៅក្នុងសង្កាត់ទាំង៤ ក្រុងព្រះសីហនុ ។

លោក សែជូ សិទ្ធិជោតិ បានឪ្យដឹងថា យុទ្ធនាការ ផ្សព្វផ្សាយនេះ មានគោល បំណង ដើម្បីការពារបង្ការជំងឺគ្រុនឈាម និងជំងឺគ្រុនឈីក ដែលអាចឆ្លងតាមរយៈមូសខ្លាញីខាំ ដោយការដាក់អាល់ប៊ែតឪ្យគ្រប់ធុង ពាង អាង នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ជាមួយគ្នា នោះដែរដោយមានប្រើខិតប័ណ្ណ។ ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមក្រុមនីមួយៗគ្រប់ភូមិក្នុងក្រុងព្រះសីហនុ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងដូចជា៖
១.សូមចូលរួមកំចាត់ដង្កូវ ទឹក មូសខ្លា និងធានាថា មិនមានដង្កូវទឹកនៅក្នុងបរិវេណផ្ទះសំបែង តាមរយៈការកម្ទេចចោល និងលុបបំបាត់ចោលនូវរាល់វត្ថុដក់ទឹកដែលមិនប្រើប្រាស់ ដូចជា សំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ធុង ក្រឡ ពាង អាង ដែលមិនបាន ប្រើប្រាស់ សំបកដប សំបកដូង និងវត្ថុដែលអាចដក់ទឹកដទៃទៀតដែលនៅជុំវិញបរិវេណផ្ទះរបស់លោកអ្នក ត្រូវលាងសម្អាតសម្ភារៈ ឬវត្ថុប្រើប្រាស់ផ្សេងៗ សម្រាប់ស្ដុកទឹកឪ្យ បានពីរដងក្នុងមួយសប្ដាហ៍ ឬដាក់ថ្នាំអាប៊ែត ចិញ្ចឹមត្រីប្រាំពីរពណ៌ ឬគ្របឪ្យបានត្រឹមត្រូវនូវពាង អាងទឹក ធុង ក្រឡ ថូផ្កា ចានទ្រ ជើងទូ។ល។

២.ត្រូវកំចាត់សត្វមូសខ្លា តាមរយៈរៀបចំសម្ភារៈ ក្នុងផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់កំប៉ូតព្រៃស៊ុបទ្រុបជុំវិញផ្ទះ និងចូលរួមសហការជាមួយភ្នាក់ងារសុខា ភិបាលក្នុងករណីមានការបាញ់ថ្នាំសម្លាប់មូស។
៣.ត្រូវការពារខ្លួនកុំឪ្យមូសខ្លាញីខាំតាមរយៈការដេកក្នុងមុង (ទាំងថ្ងៃយប់) ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅ កន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។

៤. បច្ចុប្បន្នករណីជំងឺគ្រុនឈាម និងគ្រុនឈីកចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នក បំផុតដូចជា មណ្ឌលសុខ ភាព និងមន្ទីរពេទ្យ ក្នុងករណីក្រុមគ្រួសារណាម្នាក់របស់អ្នកមានសញ្ញាជំងឺ ដូចជាក្ដៅខ្លួន (ក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង) និងសញ្ញាបន្ទាប់បន្សុំផ្សេង ទៀតដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម។

គ្រប់ករណីសង្ស័យជំងឺគ្រុនឈាម និងគ្រុនឈីកមិនត្រូវសាកល្បងព្យា បាលដោយខ្លួនឯង ឬការ ប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែនជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខ ភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាម និងគ្រុនឈីកឡើយ ដើម្បីការពារខ្លួនអ្នក កូន ចៅរបស់អ្នកពីជំងឺគ្រុនឈាម និងគ្រុនឈីក ៕


ដោយ៖ ងូ សុមុនី





