ស្ថានីយផលិតទឹកស្អាតនៅស្រុកសណ្ដាន់ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
AKP កំពង់ធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ ប្រធានក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះអាងស្ទឹងសែន និងជាអនុប្រធានអាជ្ញាធរបឹងទន្លេសាបកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយទឹកស្អាតសហគមន៍មួយកន្លែងស្ថិតនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ស្ថានីយផលិតទឹកស្អាតនេះ ត្រូវបានអភិវឌ្ឍឡើងក្រោមជំនួយឥតសំណងរបស់ភ្នាក់ងារទឹកបារាំង Loire-Bretagne, SIGEIF, SIVOM SAGevia និង HAMAP-Humanitaire តាមរយៈអាជ្ញាធរទន្លេសាប និងអនុវត្តដោយអង្គការទឹកភ្លៀងកម្ពុជាក្នុងគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានតំណាងអង្គការដៃគូអភិវឌ្ឍន៍ អង្គការម្ចាស់ជំនួយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់បានលើកឡើងថា ស្ថានីយផលិតទឹកស្អាតនេះ គឺជាសមិទ្ធផលដ៏មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលនឹងជួយដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ និងរួមចំណែកលើកកម្ពស់សុខភាព អនាម័យ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោក ផេង គា នាយកប្រតិបត្តិអង្គការទឹកភ្លៀងកម្ពុជាបានឱ្យដឹងថា ស្ថានីយទឹកស្អាតនេះត្រូវបានសាងសង់រួចរាល់នៅចុងឆ្នាំ២០២៥ ដោយមានអាងស្តុកទឹកចំណុះ ៣០ ម៉ែត្រគូប ប្រើប្រាស់ប្រព័ន្ធបូមទឹកថាមពលព្រះអាទិត្យរួមជាមួយអគ្គិសនី និងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណជា២០០គ្រួសារ ព្រមទាំងសាលារៀន វត្តអារាម និងស្ថាប័នសាធារណៈមួយចំនួនក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ តំណាងអង្គការម្ចាស់ជំនួយបារាំង បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងបានបញ្ជាក់ពីការបន្តគាំទ្រគម្រោងទឹកស្អាត ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ។
លោកព្រឹម រដ្ឋា និងលោកអ៊ុក គឹមសានបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងអាជ្ញាធរ អង្គការដៃគូ និងម្ចាស់ជំនួយ ដែលបានរួមចំណែកបង្កើតសមិទ្ធផលដ៏មានអត្ថន័យនេះ។លោកបានបញ្ជាក់ថា ការទទួលបានទឹកស្អាតប្រើប្រាស់ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅតាមសហគមន៍ជនបទ។អភិបាលរងខេត្តទាំងពីរ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងស្ថានីយ និងប្រជាពលរដ្ឋ បន្តសហការគ្នាក្នុងការថែរក្សា និងប្រើប្រាស់ស្ថានីយទឹកស្អាតនេះឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ លឹម ពុយ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងម្ចាស់ជំនួយ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធរហូតសម្រេចបានសមិទ្ធផលដ៏មានតម្លៃនេះ។ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍តំបន់ជនបទឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ស៊ុម វណ្ណា





