ឧត្ដមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនសោធននិវត្តន៍នៅស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក សេង សារ៉ាត អភិបាលរងតំណាងលោក គង់ សំអាត អភិបាលស្រុក ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបាននាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និងគោរពវិញ្ញាណក្ខន្ធលោក ពលបាលត្រី ម៉ៅ មឿន អាយុ ៦០ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗកន្លងទៅនេះ ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងបានគូសបញ្ជាក់អំពីប្រវត្តិរបស់លោក ពលបាលត្រី ម៉ៅ មឿន ដែលធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨២ នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ហើយក្រោយមកត្រូវបានក្រសួងការពារជាតិ ដាក់ឱ្យចូលជាយោធិនសោធននិវត្តន៍ នៅឆ្នាំ២០០៧ ។ លោកមានភរិយាឈ្មោះ គួន រ៉ាត់ អាយុ ៥៥ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៣នាក់ រស់នៅភូមិទួលគ្រើល ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោក ពលបាលត្រី ម៉ៅ មឿន ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី គួន រ៉ាត់ ដែលត្រូវជាភរិយា និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធគាត់ឱ្យបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក សេង សារ៉ាត ព្រមទាំងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា និងអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារសពផងដែរ៕
ដោយ ស៊ុម វណ្ណា





