ក្រុម U19 កម្ពុជា បំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកដំបូង ជើងឯកអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំ (U19) បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រ ដោយបានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ជើងឯកអាស៊ាន (ASEAN U19 Boy’s Championship) ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីតាមស្មើ ២-២ ជាមួយ ក្រុមU19 អូស្រ្តាលី ដែលជាម្ចាស់ជើងឯក ៥សម័យកាល កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងការប្រកួតចុងក្រោយបញ្ចប់ពូល C យប់មិញនេះ គឺក្រុម U19 អូស្ត្រាលី បើកការនាំមុខ ២គ្រាប់មុន នៅនាទីទី៣ និងនាទី១៨។ ចូលវគ្គទី២ ក្រុម U19 កម្ពុជាបានធ្វើសម្រចតាមពីក្រោយបាន១គ្រាប់ ១-២ នៅនាទី ៥៩ ហើយនៅនាទី៨២ ក្រុមកម្ពុជារកបានគ្រាប់បាល់ទី២តាមស្មើ ២-២ ដោយសារកំហុសគ្រាប់បាល់ធ្វើឱ្យចូលទីខ្លួនឯង (Own Goal) របស់ក្រុមអូស្ត្រាលី។

បញ្ចប់២ប្រកួតដូចៗគ្នា ក្នុងពូល C ក្រុម U19 អូស្ត្រាលី ឈរលេខ១ មាន៤ពិន្ទុ ឈ្នះ១ ស្មើ១ ក្រុម U19 កម្ពុជា ឈរលេខ២ ក្រោយឈ្នះ១ជាមួយក្រុមU19 ហ្វីលីពីន ៣-០ និងស្មើ១ជាមួយក្រុមជើងឯក៥សម័យកាល អូស្ត្រាលី ២-២ ខណៈហ្វីលពីន ឈរលេខ៣។ ជាមួយនឹងលទ្ធផលនេះ ក្រុមអូស្តាលីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ១ ប្រចាំពូល C ខណៈក្រុមកម្ពុជាបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមលេខ២ល្អផ្តាច់គេ។ការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុម U19 កម្ពុជាបានធ្វើឱ្យក្រុម U19 វៀតណាមខកចិត្តជាខ្លាំង ដែលឈររង់ចាំក្តីសង្ឃឹមនេះរួចហើយ ប៉ុន្តែបានធ្លាក់ចេញត្រឹមវគ្គចែកពូលនេះទៅវិញ ក្រោយក្រុមកម្ពុជារកបាន១ពិន្ទុបន្ថែមជាមួយអូស្ត្រាលី ២-២។
សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយ១ប្រកួតដំបូង ក្រុមU19 កម្ពុជា ប៉ះក្រុមថៃ ជាក្រុមលេខ១ មកពីពូល B នាវេលាម៉ោង ១៦:០០ ខណៈក្រុមអូស្ត្រាលី លេខ១ ពូល Cដែលជាជើងឯក៥សម័យកាល ប៉ះក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដែលជាជើងឯក២សម័យកាល ២០១៣ និងជាក្រុមការពារម្ចាស់ដំណែងជើងឯក ២០២៤។
ក្រុមU19កម្ពុជា ស្ថិតក្រោមដឹកនាំពីគ្រូបង្គោល លោក Yoshida Yasuhiro អមដោយគ្រូជំនួយ លោក អ៊ុក សុធី និងលោក ឃុល ភីរម្យ ជាអ្នកចាត់ការក្រុម ព្រមទាំងក្រុមការងារគ្រូបង្វឹក៤រូបផ្សេងទៀត។ ការប្រកួតនេះមាន១១ក្រុមចូលរួម ចែកជា៣ពូល ក្នុងនោះមាន១០ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែឡាវមិនបានចូលរួម បូកនឹងក្រុមប្រទេសអូស្រ្តាលី ជាសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។ ក្នុងចំណោមការរៀបចំរបស់ AFF ចំនួន១៩លើក ចាប់តាំងពីឆ្នាំ២០០២មកកន្លងមក គឺក្រុមកម្ពុជាធ្លាប់ចូលរួម១៣លើក ដោយបានចូលរួមប្រកួតត្រឹមវគ្គជម្រុះក្នុងពូល (Group Stage) ប៉ុណ្ណោះ ដោយមិនធ្លាប់ឆ្លងផុតវគ្គចែកពូលនេះឡើយ។ ប៉ុន្តែអ្វីដែលពិសេសអស្ចារ្យ នៅឆ្នាំ២០២៦ ដែលជាការចូលរួមលើកទី១៤របស់ខ្លួន គឺក្រុម U19 កម្ពុជាអាចសាងប្រវត្តិសាស្ត្រថ្មី លែងធ្លាក់ត្រឹមវគ្គចែកពូលទៀតហើយ ដោយបានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ានយុវជនអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៦ ជាលើកទី២០ ដោយការប្រកួតយុវជនអន្តរជាតិប្រចាំឆ្នាំមួយនេះ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៃអាស៊ីអាគ្នេយ៍។ ក្រុមសរុបចំនួន១១នឹងលេងនៅក្នុងការប្រកួតនេះ ខណៈម្ចាស់ផ្ទះក្រុមឥណ្ឌូណេស៊ី ឆ្នាំ២០២៦ គឺជាក្រុមការពារតំណែងជើងឯក ឆ្នាំ២០២៤ ក្រោយពីបានយកឈ្នះថៃ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ក្រុមឥណ្ឌូណេស៊ី ក៏ជាម្ចាស់ជើងឯក ២សម័យកាលដែរក្នុងព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០២៤៕
ដោយ ហេង ណាលីន (រូបភាព៖ FFC)





