សហគមន៍កសិកម្មទំនើបមាន់ស្រែក្នុងតំបន់ជំរំជនភៀសសឹកខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ --
សហគមន៍មាន់ស្រែដ៏ថ្មីស្រឡាងមួយ ដែលគ្រោងនឹងបង្កើតនាពេលកន្លងមក បានចេញជារូបរាងហើយ ដោយក្នុងនោះមានសមាជិកចុះឈ្មោះក្នុងជំហានដំបូងចំនួនជាង ៦០០គ្រួសារ នឹងរំពឹងថាចំនួននេះនឹងកើនឡើងបន្ថែមទៀត។

នៅយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ ឱ្យដឹងថា ក្រោយការបង្កើតសហគមន៍មាន់ស្រែក្នុងតំបន់ជនភៀសសឹកខេត្តបន្ទាយមានជ័យនេះរួចមករំពឹងថាចំនួននេះនឹងកើនឡើងដល់ ១.០០០គ្រួសារ នៅពេលដែលការចុះឈ្មោះត្រូវបានបញ្ចប់នាពេលខាងមុខ។ អ្នកនាំពាក្យក្រសួងកសិកម្មបានថ្លែងថា "ដើម្បីជួយស្តារជីវភាពដល់បងប្អូនពលរដ្ឋភៀសសឹកជុំដំបូង ការគាំទ្រពីគម្រោងរបស់ក្រសួងកសិកម្មមានដូចជា៖ ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១ ពូជកូនមាន់ស្រែអាយុ ២១ថ្ងៃចំនួន ១០០ក្បាល ការគាំទ្រវ៉ាក់សាំងការពារជំងឺ ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ និងការការធានាទិញយកវិញពេលប្រមូលផលក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ថា ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងនាពេលកន្លងមកថា គម្រោងរបស់ក្រសួងកសិកម្មមួយនេះដែរនឹងរៀបចំធ្វើឡើងចំពោះជនភៀសសឹកចំនួន ៣ខេត្តគឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕
ដោយ៖ មករា





