រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះការចូលរួមរាយការណ៍ ដែលឈានទៅដល់ការចាប់ខ្លួនមេក្លោងដែលបានប្រព្រឹត្តបទល្មើសនៅតាមតំបន់ការពារធម្មជាតិ
AKP ភ្នំពេញ ថ្ងៃ០៩ ខែមិថុនា ឆ្នាំ២០២៦ --
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉េង ដែលមានលំនៅដ្ឋាននៅភូមិស្រែវាល ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាមេខ្លោងនៃករណីកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបែបនេះនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ខណៈដែលមានសេចក្តីរាយការណ៍ពីក្រុមការងារនៃអង្គការសង្គមស៊ីវិលថា មានករណីកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរពាក់ព័ន្ធ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការ និងរាយការណ៍ពីបទល្មើសធនធានធម្មជាតិ ដែលជាកត្តាសំខាន់ជួយឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឈានទៅបង្ក្រាប និងចាប់ខ្លួនមេក្លោងកាប់ឈើខុសច្បាប់នៅតាមតំបន់ការពារធម្មជាតិនានា ដើម្បីធ្វើការដាក់ទោសទណ្ឌទៅតាមវិធានការច្បាប់ជាធរមានរបស់កម្ពុជា។
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា «ការចូលរួមសហការពីអ្នកពាក់ព័ន្ធជាមួយក្រសួងបរិស្ថាន ពិតជាចំណែកយ៉ាងសំខាន់ចំពោះការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស វិធានការពង្រឹងការអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ និងធានាការគ្រប់គ្រង និងអភិរក្សបរិស្ថានឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីបង្កើនគម្របបៃតងសម្រាប់កូនចៅតជំនាន់»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកទឹកចិត្ត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន អ្នកសារព័ត៌មាន អង្គការដៃគូ សមាគមអង្គការសង្គមស៊ីវិល និងសាធារណជនឱ្យបន្តចូលរួមសហការចែករំលែក និងរាយការណ៍ព័ត៌មានពីបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ដែលជាកាតាលីករដ៏សំខាន់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបរិស្ថាន ព្រមទាំងជួយឱ្យមន្ត្រីជំនាញ និងសមត្ថកិច្ចអ្នកអនុវត្តច្បាប់ ធ្វើការចុះបង្ក្រាបបានទាន់ពេលវេលា។
គួរបញ្ជាក់ថា អង្គការសង្គមស៊ីវិលបានធ្វើសេចក្តីរាយការណ៍កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កន្លងមកនេះថា មានករណីកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រភូមិស្រែក្រោម ឃុំធ្មារ ស្រុកជ័យសែន ខេត្តព្រះវិហារ៕
ដោយ៖ មករា





