អភិបាលស្រុកស្ទោង បានកោតសរសើរខ្ពស់ចំពោះ នាយក នាយិកា សាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ
AKP កំពង់ធំ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង កោតសរសើរខ្ពស់ចំពោះ នាយក នាយិកា សាលារៀនដែលបានរៀបចំបរិស្ថាន និងធ្វើអនាម័យតាមសាលារៀនបានល្អប្រសើរ ក្នុងឱកាសអញ្ជើញចែកធុងសំរាមជូនដល់លោកនាយក នាយិកា លោកអាចារ្យគណៈកម្មការវត្ត ព្រះសង្ឃ តាមបណ្ដាសាលារៀន និងវត្តអារាមជាង ១០០ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាស្រុកស្ទោង។

ទន្ទឹមនឹងនេះ លោកអភិបាលស្រុកបានជំរុញដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទុកដាក់ បែងចែកសំរាមទៅតាមចំណាត់ថ្នាក់ ៣ប្រភេទឱ្យបានត្រឹមត្រូវដូចជា សំរាមសរីរាង្គ សំរាមគ្រោះថ្នាក់ពុលឬសំណល់គីមី សំរាមកែច្នៃឡើងវិញ ក្នុងន័យសុវត្ថិភាព កម្ទេចចោលឬកែច្នៃឡើងវិញ។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានលើកទឹកចិត្តដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ព្រះសង្ឃគ្រប់បណ្ដាវត្តអារាម ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀតក្នុងការថែរក្សាអនាម័យ រក្សាទុកដាក់សំរាមក្នុងវត្តអារាមឱ្យបានប្រសើរឡើង ព្រោះបច្ចុប្បន្នពុំទាន់ស្ថិតក្នុងស្ថានភាពល្អនៅឡើយទេ និងបានលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់បណ្ដាអង្គភាពស្ថាប័នរដ្ឋ សាលារៀន វត្តអារាម និងទីសាធារណៈនានា ត្រូវរៀបចំប្លង់មេអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ជាពិសេសសួនច្បារប្រកបដោយស្រស់បំព្រង ដើមឈើប្រណីតៗខៀវស្រងាត់ តាមបែបបរិស្ថានស្រស់បំព្រង ការបម្រែបម្រួលអាកាសធាតុនិងបរិយាកាសសកល ជាផ្នែកមួយនៃការលើកកម្ពស់ទេសចរណ៍កែច្នៃ និងធម្មជាតិនៅក្នុងមូលដ្ឋានស្រុកស្ទោងថែមទៀត។

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលបានឧបត្ថម្ភគាំទ្រនូវធុងសំរាមជាច្រើនសម្រាប់ដាក់នៅតាមអង្គភាពស្ថាប័នរដ្ឋនៅក្នុងស្រុកស្ទោង ក្នុងការលើកកម្ពស់បរិស្ថានក្នុងមូលដ្ឋានឱ្យល្អប្រសើរឡើង។
សូមបញ្ជាក់ថា ការចែកជូនធុងសំរាមនៅក្នុងឱកាសនេះគឺជូនដល់សាលារៀនរដ្ឋចំនួន ៩៦ធុង វត្តចំនួន៤៦ធុងដែលក្នុងនោះមួយអង្គភាពទទួលបានធុងសំរាមចំនួន៣៕

ដោយ ស៊ុម វណ្ណា





