សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ -- កិច្ចប្រជុំថ្នាក់អនុតំបន់របស់សមាជិក សភា ក្រោមប្រធានបទ “ការផ្តល់ភាពអង់អាចដល់យុវជនដើម្បីកំណើនប្រកបដោយបរិយាបន្ន” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៦ នាក្រុងវៀងចន្ទន៍ ប្រទេសឡាវ ត្រូវបានបិទបញ្ចប់ប្រកបដោយជោគជ័យ ជាមួយ នឹង ការចេញសេចក្តីថ្លែងការណ៍រួមមួយ។

កិច្ចប្រជុំនេះ សហការរៀបចំដោយរដ្ឋសភាឡាវ និងវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយមានការគាំទ្រពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) តាមរយៈមូលនិធិទំនុកចិត្តជប៉ុន (Japan Trust Fund - JTF)។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមជាង ៦០ នាក់ មកពី ១០ ប្រទេស រួមមានតំណាងសមាជិកសភា រដ្ឋាភិ បាល អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល អង្គការយុវជន និងអ្នកស្រាវ ជ្រាវ។

គោលបំណងចម្បងនៃកិច្ចប្រជុំអនុតំបន់នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ (បទពិសោធន៍ល្អៗ) លើគោលនយោបាយ ច្បាប់ និងកម្មវិធីនានា សំដៅជំរុញការវិនិយោគលើកម្លាំងយុវជន ការផ្តល់ភាពអង់អាច និងការបង្កើតឱកាសឱ្យយុវជនអាចចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត។

ក្នុងស្មារតីនេះ សមាជិកសភា និងអ្នកចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ បានទទួលស្គាល់ថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍ។
ជាមួយគ្នានោះ អង្គប្រជុំបានប្តេជ្ញាចិត្តគាំទ្រ ណែនាំ ក៏ដូចជាលើកទឹកចិត្តដល់សមាជិកសភាវ័យក្មេង និងអ្នកដឹកនាំវ័យក្មេង ឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំតាក់តែងច្បាប់។ លើសពីនេះ កិច្ចប្រជុំបានជំរុញឱ្យមានការបង្កើតច្បាប់ ការកែទម្រង់ច្បាប់ ការបង្កើ តយន្តការស្ថាប័ន និងការអនុម័តកញ្ចប់ថវិកាឱ្យបានសមស្រប ដើម្បីលើកក ម្ពស់សុខុមាលភាព វិស័យអប់រំ សុខភាព និងឱកាសការងារសមរម្យសម្រាប់យុវជន។

បន្ថែមលើនេះ អង្គប្រជុំក៏បានអំពាវនាវឱ្យមានកិច្ចសហការជិតស្និទ្ធរវាងក្រសួងពាក់ព័ន្ធ គណៈកម្មការសភា អាជ្ញាធរមូលដ្ឋាន និងសង្គមស៊ីវិល ព្រមទាំងស្នើឱ្យដៃគូអភិវឌ្ឍន៍បន្តជួយជ្រោមជ្រែងផ្នែកបច្ចេកទេស។

ទន្ទឹមនឹងនេះ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ AFPPD និងបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ ដល់រដ្ឋាភិបាលជប៉ុន (JTF) និងអង្គការ UNFPA ដែលបានគាំទ្រយ៉ាងសកម្មដល់សកម្មភាពនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕


ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





