បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលតាមយន្តការផ្សះផ្សារដោយបង្ខំស្តីពីនីតិសមុទ្រ (UNCLOS)
AKP កំពង់ធំថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២៦ -- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤នាព្រឹកថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២៦បានដំណើរការកិច្ចប្រជុំជួរទ័ព ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្ដើមដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃពីអនុសរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ដែលជាមូលដ្ឋានកិត្តិយុត្តតែមួយគត់សម្រាប់ចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធី លើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរអស់រយៈពេលជាង ២៥ ឆ្នាំកន្លងមកនេះក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗ របស់ព្រះរាជា ណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះដែរឧត្តម សេនីយ៍ទោ ក៏បានគូសបញ្ជាក់អំពីជំហរសាមគ្គីភាព របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននានា ក្នុងការប្រឆាំងតទល់តាមគ្រប់រូបភាព ពីការឈ្លានពានបូរណ ភាពទឹកដីពីប្រទេសថៃ មកលើបូរណ ភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងជំហរដ៏មុតមាំរបស់ប្រជាជនកម្ពុជា ក្នុងការពហិការមិនប្រើប្រាស់ទំនិញរបស់ប្រទេសថៃ ។

នៅក្នុងឱកាសនេះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជូនយោធិនក្រោមឱវាទឱ្យបានជ្រួតជ្រាបផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការយន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ(UNCLOS) ក្រោយភាគីថៃបានដកខ្លួនពីអនុសញ្ញានៃការយោ គយល់គ្នាឆ្នាំ២០០១ ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់ សម្រាប់ការចរចាទ្វេភាគីដោយសន្តិវិធី។ ហើយនៅក្នុងឱកាសនេះ យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំគ្រប់រូបៗ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៍មុឺងម៉ាត់ និងត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ស៊ុម វណ្ណា





