អភិបាលរងខេត្តបន្ទាយមានជ័យ កោតសរសើរអង្គការ Lotus Outreach ដែលបានចែកអំណោយ ដល់ពលរដ្ឋភៀសសឹកជាង ៦០០គ្រួសារ នៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ -- ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ដ៏បរិសុទ្ធរបស់អង្គការដៃគូអភិវឌ្ឍន៍ ដែលតែងតែឈរជើងយ៉ាងរឹងមាំជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសង្គ្រោះ និងសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងខ្វះខាតខណៈពេលស្នាក់នៅបណ្តោះអាសន្ន។លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ថ្លែងបែបនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញតំណាងឱ្យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់អង្គការ ឡូធឹស អៅរីច ខេមបូឌា (Lotus Outreach Cambodia) និងសិស្សនិស្សិតរបស់អង្គការ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក មកពីភូមិបន្ទាយមានរិទ្ធ ចំនួន ៦៣០គ្រួសារ ដែលបច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតនៅក្នុងភូមិស្លរក្រាម ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

មានប្រសាសន៍សំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក ឃ្លោក នួយ បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដោយមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះដោយអត់បាយដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អង្គការ ឡូធឹស អៅរីច ខេមបូឌា ព្រមទាំងក្មួយៗសិស្សនិស្សិតទាំងអស់ ដែលបាននាំយកអំណោយសង្គ្រោះបន្ទាន់ដ៏មានតម្លៃទាំងនេះមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ដៃ។ លោកបានគូសបញ្ជាក់ថា កាយវិការមនុស្សធម៌នាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែកយ៉ាងធំធេង និងទាន់ពេលវេលាជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយការលំបាកចំពោះមុខ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្រុមគ្រួសារដែលកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរទីលំនៅបណ្តោះអាសន្ន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានយកមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៦៣០គ្រួសារ នាពេលនេះ គឺក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ស្ករស ១គីឡូក្រាម, ប្រេងឆា ១លីត្រ, ទឹកត្រី ១ដប, ទឹកស៊ីអ៊ីវ ១ដប និងសាប៊ូបោកខោអាវ ចំនួន ១កញ្ចប់។
ជាមួយគ្នានោះដែរ ដើម្បីជាការលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តក្នុងការជួយរៀបចំចាត់ចែងសម្ភារៈ និងសម្របសម្រួលឱ្យកម្មវិធីមនុស្សធម៌នេះដំណើរការទៅដោយរលូន គណៈអធិបតីក៏បានឧបត្ថម្ភជូនដល់អាជ្ញាធរ និងកម្លាំងការងារ រួមមាន៖ មី ៣កេស, ទឹកផ្លែឈើ ៣កេស, ទឹកសុទ្ធ ៣កេស ព្រមទាំងថវិកាមួយចំនួនផងដែរ៕
ដោយ ឈុន សារ៉ាត





