លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
AKP កណ្តាល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ – ដោយការគោរពប្រណិប័តយ៉ាងខ្ជាប់ខ្ជួនក្នុងព្រះពុទ្ធសាសនា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិ ធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី តែងតែលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងសាសនាផ្សេងៗទៀត ប្រកបដោយសុខដុមរមនា។ ជាក់ស្តែង សម្តេចបវរធិបតី រួមជាមួយលោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាននិងថវិកាសម្រាប់គាំទ្រ និងទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស ក៏ដូចជាសាសនាដទៃទៀតផងដែរ៕


ដោយ៖ គង់ សិរីរ័ត្ន





