អភិបាលស្រុកតាំងគោកដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកលិចស្រូវពលរដ្ឋនៅឃុំពង្រនិងឃុំសូយោង
AKP កំពង់ធំ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្រុកតាំងគោក ខេត្តកំពង់ធំ ទទួលរងទឹកភ្លៀងធ្លាក់ផ្ទួនៗ ធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង រងការគំរាមកំហែងលិចលង់មួយចំនួន។ ក្រោយពីទទួលបានព័ត៌មាន លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារនិងអាជ្ញាធរ ចុះពិនិត្យស្ថានភាពនេះភ្លាមៗ ដើម្បីរិះរកវិធីជួយរំដោះទឹកចេញពីស្រែពលរដ្ឋឱ្យបានទាន់ពេលវេលា ចៀសវាងខូចខាតស្រូវរបស់ពលរដ្ឋ។

បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្ទាល់លោក ហាក់ ម៉ុងហួត បានណែនាំមេឃុំទាំង២បន្តតាមដានជាប់ជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹកភ្លៀង ដើម្បីធ្វើការអន្តរាគមន៍ ចៀសវាងការខូចខាតស្រូវប្រជាពលរដ្ឋ ដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើមស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។

ទន្ទឹមនឹងនេះ លោក ហាក់ ម៉ុងហួត ក៏បានណែនាំឱ្យមេឃុំពង្រ និងឃុំសូយោង សហការណ៍ជាមួយសហគមន៍ រកមើលទីតាំងដែលអាចរំដោះទឹកបាន ជួយរំដោះទឹកចេញឱ្យបានទាន់ពេលវេលា ជៀសវាងបន្តលិចស្រូវរយៈពេលយូរ នាំឱ្យមានការខូចខាតនិងបានណែនាំអាជ្ញាធរ ភូមិ ឃុំ បន្តប្រុងប្រយ័ត្នជានិច្ចដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវប្រជាពលរដ្ឋពីទឹកភ្លៀងលិចនេះគ្រប់ពេលវេលា។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ប្រជាកសិករខេត្តកំពង់ធំ បានធ្វើការភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មបានចំនួន ១២៧ ៤៥៦ហិកតា សាបសំណាបបានចំនួន៩៤ហិកតាព្រមទាំងព្រួសនឹងដាំស្រូវចម្ការបានចំនួន១២២ ៤៥៦ ហិកតា ស្មើនឹង ៥៧,៤១ ភាគរយនៃផែនការ២១៣ ៣០០ហិកតា ធៀបទៅនិង ឆ្នាំមុនរយៈពេលដូចគ្នា ទាបជាងចំនួន ៤៥ ៩៥៦ ហិកតានិងដាំដំណាំរួមផ្សំផ្សេងៗបានចំនួន២៨ ៧៩៧ហិកតា៕


ដោយ ស៊ុម វណ្ណា





